ខេត្តស្វាយរៀង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងមណ្ឌលឃុំឃាំង អាជ្ញាធរពាក់ព័ន្ធ បានសម្រេចផ្ទេរទណ្ឌិតជាស្ត្រី ចំនួន ២៤នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ព្រៃស។

យោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា ទណ្ឌិតចំនួន២៤នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀត ណែន ។

ប្រភពដដែល បន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយ រៀង រួមគ្នាជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំជាស្ត្រី ចំនួន២៤ នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ព្រៃស ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយវរអគ្គានុរក្សថ្នាក់លេខ១ ង៉ិល ហេងលី ប្រធានការិយា ល័យនៃអគ្គនាយកដ្ឋានពន្ធនាគារ៕


