ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការឃាត់ខ្លួនមន្ត្រីរបស់ខ្លួន ចំនួន៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីសង្ស័យពីបទរំលោភអំណាច ពុករលួយ មិនប្រកាសទ្រព្យសម្បត្តិ-បំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងដែលមានជនសង្ស័យ ៣រូប រួមមាន ៖
១-ឈ្មោះជឹម អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនាយកដ្ឋានស៊ើបអង្គេតនិងចារកម្ម នៃអង្គភាពប្រឆាំងអំពើ ពុករលួយ ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល។
២- ឈ្មោះជឹម សុខជឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើ រំលោភអំណាច។

៣- ឈ្មោះភេន រចនា ភេទស្រី អាយុ៣៦ឆ្នាំ អតីតមន្ត្រីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច៕