ភ្នំពេញៈអតីតតារាសម្ដែងកាលពីទស្សវត្សន៍ឆ្នាំ៩០ លោកសម តារា បានរៀបការកូនប្រុសឈ្មោះលោកតារាសក្ដិ ជាមួយអ្នកនាងសុគន្ធទេពី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលពិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌុលកោះពេជ្រ អគារC មានភ្ញៀវជាមន្រ្ដីធំៗជាច្រើនបានចូលរួម។យោងតាមរយៈរូបវីដេអូត្រូវបានចែកចាយ(Share) នៅលើបណ្ដាញសង្គម មង្គល ការកូនលោកសម តារា មានការអញ្ជើញចូលរួមដោយសម្ដេចទៀ បាញ់,សម្ដេច ស ខេង ,សម្ដេចសាយ ឈុំ,សម្ដេចម៉ែន សំអន ,លោកជំទាវឃួន សុដារី ,ឯកឧត្តមហ៊ុន ម៉ានី ,ឯកឧត្តមហ៊ុន ម៉ានិត ,ឯកឧត្តមខៀវ កាញារីទ្ធ និងលោកជីវ កេង ជាដើម ។ក្នុងទឹកមុខរំភើបរីករាយលោកសម តារា បានចេញមកទទួលភ្ញៀវនៅច្រកចូលពិធីនិងជូនដំណើរភ្ញៀវទៅអង្គុយតាមតុនីមួយៗក្នុងកាយវិការគោរពបំផុត។ប៉ុន្ដែតាមរយៈរូបភាពចែកចាយលើបណ្ដាញសង្គមទាំងនោះគេមិនឃើញមានតារាធ្លាប់រួមអាជីពជាមួយលោកសម តារា ត្រូវបានលោកអញ្ជើញឲ្យចូលរួមញាំការកូនលោកឡើយ ។


តាមព័តមានថាកូនប្រុសលោកសម តារា គឺលោកតារាសក្ដិ ជាមេធាវី ហើយភរិយាលោកអ្នកនាងសុគន្ធទេពី ក៍ជាមេធាវីដូចគ្នា ហេតុនេះហើយបានជាមានវត្តមានលោកជីវ កេង ប្រធានតុលាការកំពូលអញ្ជើញចូលរួមដែរ ។ប្រភពថាក្រោយលោកសម តារា ផ្ដាច់ខ្លួនពីអាជីពសម្ដែងលោកបានរៀបការជាមួយក្មួយស្រីសម្ដេចម៉ែន សំអន ហើយចំណងស្នេហ៍នេះទទួលបានកូន៣នាក់(ប្រុស២ស្រី១) ក្នុងនោះលោកតារាសក្ដិ ជាកូនច្បង ។


គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិតសម តារា ជាតំណាងរាស្រ្ដមណ្ឌុលខេត្តស្វាយរៀង បច្ចុប្បន្នលោកមានតួនាទីជានាយឧត្តមសេនីយ(ផ្កាយ៤) និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នារោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីខែមីនា ឆ្នាំ២០២០ ។មុនតែងតាំងតួនាទីថ្មីលោកសម តារា ធ្លាប់មានតួនាទីជាអគ្គនាយករងនៃអគ្គនាយដ្ឋានភស្ដុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ផងដែរ ។


សូមរំលឹកថាលោកសម តារា ធ្លាប់ប្រឡូកសិល្បៈជាមួយតារាជំនាន់លោកមានដូចជាលោកខៃ ប្រសិទ្ធ ,ទេព រិនដារ៉ូ ,យស បូវណ្ណៈ ,សុវណ្ណមុនី ,ចា រិទ្ធី និងពេជ្រ ភិរុណ ជាដើម ។លោកបានផ្ដាច់ខ្លួនពីចង្កោមអ្នកសិល្បៈទាំងស្រុងក្រោយកាន់តួនាទីធំនៅក្នុងរាជការ ហើយគេមិនដែលឃើញលោកចូលរួមកម្មវិធីរបស់មិត្តភក្ដិចាស់ឡើយ ទើបមង្គលការកូនច្បងនេះលោកតារា ក៍មិនឃើញហៅភ្ញៀវជាតារារួមជំនាន់ឲ្យចូលរួមដែរ ។ក្រៅពីលោកសម តារា អតីតតារាដែលឡើងឋានៈធំក្នុងជូររដ្ឋាភិបាលពេលនេះក៍មានលោកទេព វាសនា និងនូ ជីវ័ន្ដ ជាដើម ។


តាមប្រភពថាមង្គលការកូនលោកសម តារា ចំណាយអស់រាប់សិបម៉ឺនដុល្លារ ព្រោះការរៀបចំប្រណិតបំផុត ដោយសាតែភ្ញៀវរបស់លោកជាមន្រ្ដីធំៗគ្រប់ជាន់ថ្នាក់ ។ទស្សនិកជនដែលធ្លាប់គាំទ្រលោកសម តារា បានបង្ហាញការរីករាយនៅពេលដែលដឹងថាលោកកំពុងរស់នៅយ៉ាងសុខសាន្ដ និងថាមិនយូទេលោកនឹងក្លាយទៅជាជីតាហើយ ៕



