ភ្នំពេញ ៖ ក្រុមក្មេងទំនើង ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគបាលខណ្ឌដង្កោ និងខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីបង្កហិ ង្សា ចំនួន២ករណីផ្សេងគ្នា។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន១០នាក់ ដែលប្រព្រឹត្តបទល្មើស ចំនួន២ករណី រួមមាន ៖
ករណីទី១- កាប់និងវាយម៉ូតូ ឱ្យខូចខាតសម្ភារ នៅចំណុចម៉ាត ណ២៦ មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ករណីទី២-ជាមុខសញ្ញាសេសសល់ ដែលប្រើកាំបិតនិងដុំថ្ម កាប់ទៅលើម៉ូតូ ឱ្យខូចខាតម៉ូតូ ចំនួន៤គ្រឿង នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ប្រភពដដែល បន្តថា ក្រុមក្មេងទំនើង ទាំង១០នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទ្រី វិឆៃ ហៅឆៃ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះ សុខុនបញ្ញាស័ក្តិ ហៅស័ក្តិ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣-ឈ្មោះវ៉ឹង ច្រង់ដេវិត ហៅវិត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះហាក់ ឧត្តមរក្សា ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះហេង សុខណាន ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៦-ឈ្មោះ អាន សុខបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ។ ទី៧-ឈ្មោះចាន់ វ៉ាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៨-ឈ្មោះស៊ុន ស័ក្កដា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៩-ឈ្មោះរម្យ សម្បត្តិធាវី ហៅគីដូរ ភេទប្រុស អាយុ១៧ឆ្នាំ និងទី១០-ឈ្មោះ ទ្បេង ម៉េងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ។

ក្រុមក្មេងទំនើង ទាំង១០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕