Thursday, April 9, 2026
Homeសង្គម និងជីវិតឈឺពោះឆ្លងទន្លេ កើតកូនលើទូក

ឈឺពោះឆ្លងទន្លេ កើតកូនលើទូក

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាលកូន ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមទូក សំដៅមកដីគោក ដើម្បីរកមធ្យោបាយដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសម្រាល ស្រាប់តែកំពុងជិះទូកឆ្លងទន្លេ ក៏សម្រាលកូននៅលើទូក ទើបអ្នកគ្រូពេទ្យ ១រូប បានសម្រេចចុះទៅជួយសម្រា លកូនជូនស្ត្រីខាងលើ ដល់លើទូក ដោយសុវត្ថិភាព ទាំងម្តាយនិងកូន។

ករណីស្ត្រីឈឺពោះឆ្លងទន្លេ សម្រាលកូនលើទូកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

ស្ត្រីដែលសម្រាលកូននៅលើទូក មានលំនៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង។

តាមប្រភពមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថាដោយសារបញ្ជូនមកកាន់មន្ទីរពេទ្យ មិនទាន់ ទើបអ្នកគ្រូពេទ្យឆ្មប ដែលជាប្រធានសាលផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានចុះជួយសង្គ្រោះស្ត្រីសម្រាលកូនលើទូក  ដោយប្រញាប់ប្រញាល់ និងយកចិត្តទុកដាក់បំផុត បង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាគ្រូពេទ្យជំនាញ។

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានបង្ហាញរូវភាពនិងវីដេអូ ជាមួយសំណេរថា “សកម្មភាពអ្នកគ្រូ ប៉ាល់ ដារិន ប្រ ធានសាលផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្នុងការជួយសង្គ្រោះស្ត្រីសម្រាលកូន តាមផ្លូវទឹក។ សកម្មភាពសង្គ្រោះបន្ទាន់ លើផ្ទៃទឹក នៅក្នុងស្ថានភាពដ៏ប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុត អ្នកគ្រូ ប៉ាល់ ដារិន បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាគ្រូពេទ្យជំនាញ ដោយបានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែល បានឈឺពោះសម្រាលកូន នៅលើទូក ខណៈពេលដែលក្រុមគ្រួសារ ព្យាយាមបញ្ជូនមកមន្ទីរពេទ្យ ពីភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែមកមិនទាន់ពេលវេលា។ សកម្មភាពនេះ គឺជាគំរូដ៏ល្អមួយនៃបុគ្គលិកសុខាភិបាល ដែលតែងតែនៅក្បែរ និងជួយសង្គ្រោះប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ…”។

បន្ទាប់ពីអ្នកគ្រូពេទ្យជំនាញ បានជួយសម្រាលកូន ប្រកបដោយសុវត្ថិភាពរួចមក ស្ត្រីខាងលើ និងកូនដែលទើបនឹងសម្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តគិលានសង្គ្រោះ របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ទៅកាន់មន្ទីរ ពេទ្យ ដើម្បីសម្រាកថែទាំ និងព្យាបាលបន្ត៕ ខៀវទុំ

RELATED ARTICLES