Saturday, May 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១០ដេញកាប់២ ប្លន់ម៉ូតូ ជាប់ខ្នោះ៧

១០ដេញកាប់២ ប្លន់ម៉ូតូ ជាប់ខ្នោះ៧

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យ ចំនួន៧នាក់ ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ង ប្លន់ម៉ូតូក្រុមអ្នករៀបចំឆាកតន្ត្រី តាមពិធីមង្គលការ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។

តាមប្រភពមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយបានការដឹកនាំសម្រប សម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជាបន្ត បន្ទាប់។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង មានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) បង្កឡើងដោយជនសង្ស័យ ១ក្រុម មិនស្គាល់អត្ត សញ្ញាណ មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៤គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ប្រើកាំបិតផ្គាក់ និងដាវ។

ជនរងគ្រោះមានគ្នា ចំនួន២នាក់ ទី១-ឈ្មោះមឿន សាម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះផល ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះមឿន សាម៉ៃ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខៀវ លាយស ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1LV-7865 ដឹកឈ្មោះ ផល ដារ៉ា ចេញពីកន្លែងរៀបឆាកតន្ត្រី ភូមិជង្រុក ឃុំទួលព្រិច ស្រុកអង្គស្នួល ព្រមទាំងអ្នករួមការងារមានគ្នា ៦នាក់ទៀត ជិះម៉ូតូ ២គ្រឿង និងរថយន្ត ១គ្រឿង គោលបំណងទៅផ្ទះ តាមផ្លូវជាតិលេខ៥១ ពីជើង ទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់ តែមានជនសង្ស័យ ១ក្រុម ជិះម៉ូតូ កាន់កាំបិតផ្គាក់ និងដាវ ដេញតាមពីក្រោយ រួចបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួល និងរងរបួស ភ្លាមនោះ ឈ្មោះម៉ៅ ឌីណា អ្នករួមការងារ បានបើករថយន្តដេញតាមក្រោយ ជនសង្ស័យមានការភិតភ័យ បាននាំគ្នាជិះគេចខ្លួន ទៅទិសខាងកើតចូលទៅទឹកដីស្រុកអង្គស្នួល គេចខ្លួនបាត់ ។

លុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់ រួមមាន ទី១-ឈ្មោះចិត្ត រ៉ាស៊ី ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកកាន់ដាវ) លំនៅ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង។ ទី២-ឈ្មោះអ៊ុំ ចន្ធូ ភេទប្រុស អាយុ១៨ឆ្នាំ លំនៅ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង។ ទី៣-ឈ្មោះសាវ ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ លំនៅ ភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ៤-ឈ្មោះសុខ មាន ភេទប្រុសអាយុ១៦ឆ្នាំ លំនៅ ភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ៥-ឈ្មោះម៉ៅ លីហេង ភេទប្រុស អាយុ១៦ឆ្នាំ លំនៅ ភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និង៦-ឈ្មោះមាន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ចំពោះវត្ថុតាងដកហូត ម៉ូតូ ២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ (មធ្យោបាយជិះធ្វើសកម្មភាព)។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានយកកាំបិតផ្គាក់ ដាវដេញកាប់ជនរងគ្រោះ និងធាក់ បណ្តាលឱ្យដួលម៉ូតូ គោលបំណងប្លន់ម៉ូតូ ជាមួយបក្ខពួក ៤នាក់ទៀត។

បន្ទាប់មកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ១នាក់ទៀត ឈ្មោះសួង ចាន់ហេង ហៅពេវ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តា ល។ ជននេះសារភាពថា កន្លងមកពួកខ្លួនធ្លាប់ ធ្វើសកម្មភាព កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ធាក់ប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ នៅលើផ្លូវជាតិលេខ៥១ មុខសាលាបឋមសិក្សាអង្គតាឡឹក ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង។

សរុបឃាត់ខ្លួនចំនួន៧នាក់ ដកហូតវត្ថុតាង ម៉ូតូ ២គ្រឿង និងដាវ១ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES