ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់អន្តោប្រវេសន៍ និងទីតាំងស្នាក់នៅខុសច្បាប់ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីពិភពថ្មី កួរស្រូវ ស្ថិតនៅភូមិស្រីស្នំ ភូមិកួរស្រូវ១-កួរស្រូវ២ សង្កាត់ព្រែកកំពឹស និងភូមិកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រុមការងារចម្រុះទី១ ដឹកនាំដោយលោកឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលគោលដៅបុរីពិភពថ្មី កួរស្រូវ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទះចំនួន ៤២ល្វែង មានជនបរទេសស្នាក់នៅស្រប ច្បាប់សរុបចំនួន ៤៦នាក់ ស្រី៥នាក់ មាន៣សញ្ជាតិ (សញ្ជាតិចិន ៤៣នាក់ ស្រី៤នាក់ សញ្ជាតិវៀតណាម ២ នាក់ ស្រី១នាក់ សញ្ជាតិកូរ៉េ ១នាក់ស្រី) និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ ពាក់ព័ន្ធការបើកផ្ទះសំ ណាក់ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន៦នាក់ (ប្រុស) ជាជនជាតិចិន ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីជំនាញ។

ក្រុមការងារចម្រុះទី២ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោកអ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ និងលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងបុរីពិភពថ្មី កួរស្រូវ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញផ្ទះ ចំនួន ៤០ល្វែង មានជនបរទេសស្នាក់នៅ សរុបចំនួន ១១៥នាក់ ស្រីចំនួន១០នាក់ មាន ៥សញ្ជាតិ ក្នុងនោះ ៖
១- ជនបរទេសស្នាក់នៅស្របច្បាប់ សរុបចំនួន៤៦នាក់ ស្រី៩នាក់ មាន៥សញ្ជាតិ។
២- ជនបរទេសស្នាក់នៅខុសច្បាប់ សរុបចំនួន៦៩នាក់ ស្រី១នាក់ មាន៥សញ្ជាតិ (បង់ក្លាដែស ៥៨នាក់ វៀត ណាម ៧នាក់ ស្រី១នាក់ ចិន ២នាក់ នេប៉ាល់ ១នាក់ ប៉ាគីស្ថាន ១នាក់) ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ត តាមនីតិវិធីជំនាញ។

អភិបាលរងរាជធានីភ្នំពេញ លោកឃ្លាំង ហួត បានណែនាំដល់រដ្ឋបាលខណ្ឌដង្កោ និងនគរបាលអន្តោប្រវេសន៍ខណ្ឌ ត្រូវត្រួតពិនិត្យប៉ាស្ព័រ វីសារ និងផ្ទះសំណាក់ជនជាតិដែលគ្មានច្បាប់អនុញ្ញាត ស្មើឱ្យខាងពន្ធដារខណ្ឌ ចុះពិនិត្យបញ្ហានេះជាបន្ទាន់៕