ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន១០នាក់ (ស្រី៤នាក់) ព្រមទាំងដកហូតវត្ថុតាង ថ្នាំញៀន សរុបចំនួន១៩កញ្ចប់។

ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ជនសង្ស័យ ទាំង១០នាក់ (ស្រី៤) ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអុក សំអឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទី២-ឈ្មោះព្រំ ចន ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិក្រសាំងក្រោម ឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត។ ទី៣-ឈ្មោះចិន ចាន់ ភេទ ប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិសំរោងស្ងោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ទី៤-ឈ្មោះអឿន ចំរើន ហៅចេវ ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទី៥-ឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី៦-ឈ្មោះញ៉ែម ពន្លឺរដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មាន លំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី៧-ឈ្មោះអ៊ុ សុភី ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី៨-ឈ្មោះជឹម សុខជា ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅ ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ទី៩-ឈ្មោះសុត មករា ភេទស្រី អាយុ២១ឆ្នាំ មានលំនៅ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ និងទី១០-ឈ្មោះវ៉ាន់ ដា ភេទស្រី អាយុ៤៧ឆ្នាំ មានលំនៅ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ឈ្មោះអុក សំអឿន ព្រមតាំងដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១៥កូនថង់ ទម្ងន់ ៥,១២ក្រាម។ ទូរស័ព្ទដៃ ចំនួន១គ្រឿង និងម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-2426។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកម៉ង់ ចាន់សុយុទ្ធារា ព្រះ រាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូត ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩នាក់ទៀត (១-ឈ្មោះព្រំ ចន ២-ឈ្មោះចិន ចាន់ ៣-ឈ្មោះអឿន ចំរើន ហៅចេវ ៤-ឈ្មោះខៀវ សុថា ៥-ឈ្មោះញ៉ែម ពន្លឺរដ្ឋ ៦-ឈ្មោះអ៊ុ សុភី ៧-ឈ្មោះជឹម សុខជា ៨-ឈ្មោះសុត មករា ៩-ឈ្មោះវ៉ាន់ ដា) ព្រមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤កូនថង់ ទម្ងន់ ០,៧១ក្រាម ទូរស័ព្ទដៃ ចំនួន៣គ្រឿង និងម៉ូតូ ចំនួន២គ្រឿង ដោយឃាត់ខ្លួននៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សរុបវត្ថុតាងថ្នាំញៀនដកហូត មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១៩កូនថង់ ទម្ងន់ ៥,៨៣ក្រាម (ថ្នាំសុទ្ធ)។ជនសង្ស័យទាំង១០នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕