ភ្នំពេញ ៖ ជាលើកទី១ ដែលគេឃើញតារាចម្រៀង អ្នកនាងអឿន ស្រីមុំ បានបង្ហូរទឹកនេត្រាជោកថ្ពាល់ នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អង្គុយនៅជាប់គ្រែពេទ្យ ដែលឪពុកនាងកំពុងតែដេកព្យាបាលជំងឺ។ ទោះជាមិន និយាយច្រើន ក៏គេដឹងថា នោះជាការឈឺចាប់នៅពេលដែលរូបនាងជាកូន មិនមានលទ្ធភាពព្យាបាលជំងឺឪពុក ដែលកំពុងតែប្រឈមបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតនោះ ។

អឿន ស្រីមុំ ថ្លែងប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា នាងពិតជាកំពុងតែកើតទុក្ខ អត់សប្បាយចិត្តមែន ព្រោះឪពុកនាងកំពុងតែស្ថិតនៅបន្ទប់សង្រ្គាះបន្ទាន់ មន្ទីពេទ្យកាល់ម៉ែត ដោយសាតែជំងឺចាស់ធ្វើទុក្ខ ហើយបញ្ហាចំណាយលុយព្យាបាលជំងឺឪពុក ជារឿងធំដែលរូបនាងគ្មានលទ្ធភាព។ នាងថា ឪពុកអាយុ ៧០ឆ្នាំ មានជំងឺបេះដូង ហើយពិបាកក្នុងការរកលុយថ្លៃចំណាយព្យាបាលឪពុក ដែលរឿងនេះហើយធ្វើឲ្យនាងបារម្ភខ្លាំង ។ ស្រីមុំ ឲ្យដឹងដែរថា មួយរយៈនេះ អាជីពសិល្បៈនាង ជួបបញ្ហា ព្រោះអត់សូវមានការងារធ្វើ ជាហេតុធ្វើឲ្យនាងពិបាករកលុយ និងគ្មានលទ្ធភាពចេញថ្លៃព្យាបាលជំងឺឪពុក ឲ្យបានគ្រប់គ្រាន់ឡើយ។

ក្រោយអឿន ស្រីមុំ យំខ្សឹកខ្សួល តូចចិត្តឪពុកដេកស្ដូកស្ដឹងលើគ្រែពេទ្យ តែនាងមិនមានលុយថ្លៃព្យាបាលឪពុកនេះ គេឃើញមានសប្បុរសជនមួយចំនួន បានផ្ញើលុយជូននាងជួយចេញថ្លៃព្យាបាលពេទ្យ សម្រាលការលំបាក បានមួយផ្នែកដែរ ក្នុងនោះ មានដូចជា អតីតតារាសម្ដែង អ្នកនាង លុយ សារីណា ភរិយាអតីតតារា សម្តែង លោកស៊ុក សុភា , លោករក្សា និងអ៊ឹង និមល ជាដើម បើទោះជាស្រីមុំ មិនបានប្រកាសសុំជំនួយជាសាធារណៈ ប៉ុន្ដែនាងបានចេញសារអគុណដល់សប្បុរជនដែលជួយជីវិតឪពុកនាង ។

មិនត្រឹមតែខ្សឹកខ្សួល ហូរទឹកភ្នែកម្នាក់ឯងទេ អឿន ស្រីមុំ ចាត់ទុកខ្លួនឯង ជាកូនមិបានការ គ្មានលទ្ធភាពព្យា បាលជំងឺឪពុក និងថា នាងតូចចិត្តណាស់ ព្រមទាំងសុំទោសដល់លោកឪពុកនាងទៀតផង។ ពេលនេះ ស្រីមុំ ទឹកភ្នែកនៅតែរលីងរលោង កំដរឪពុកនៅបន្ទប់សង្រ្គោះបន្ទាន់ ហើយនាងពិតជាត្រូវការជំនួយចាំបាច់ ព្រោះបានសារភាពថា ខ្លួនគ្មានលទ្ធភាពឡើយ ទើបមិនអាចទប់ទឹកភ្នែកជាប់ ។

គួរបញ្ជាក់ថា អឿន ស្រីមុំ ប្រើជីវិតជាស្ត្រីមេម៉ាយ ជាច្រើនឆ្នាំ ក្រោយចែកផ្លូវអតីតប្ដីលោកកែវ សុខា ហើយនាងធ្លាប់ប្រាប់ថា នឹងមិនយកស្វាមីថ្មី ជារៀងរហូត។ មិនមែនចេះតែថាឲ្យរួចតែមាត់ទេ ប៉ុន្ដែស្រីមុំ បានផ្ញើខ្លួនជា មួយព្រះធម៌ ស្លៀកពាក់ស នៅថ្ងៃសីល និងជ្រើសវិធីសមាធិ រំងាប់អារម្មណ៍ នៅទីវត្តអារាម ។ ប៉ុន្ដែការងារសិល្បៈ នាងនៅតែបន្ដដដែល ទាំងការច្រៀង សម្ដែង នៅក្នុងនិងក្រៅស្រុក ព្រោះនាងអាចច្រៀងបានជាច្រើនទម្រង់ ពិសេសបទរដឺន ។ ទោះបីជាយ៉ាងណា នាងថា អាជីពសិល្បៈរបស់នាង មានការប្រែប្រួល ដោយសារមួយរយៈចុងក្រោយ អត់សូវមានការងារធ្វើ ទើបធ្វើឲ្យប្រាក់ចំណូល ធ្លាក់ចុះ ហើយពេលឪពុកធ្លាក់ខ្លួនឈឺ ដោយជំងឺបេះដូង នាងគ្មានលុយព្យាបាលឪពុក ។

តាមរយៈការអះអាងរបស់ស្រីមុំ បែបនេះ បញ្ជាក់ថា ស្ថានភាពជំងឺឪពុកនាង នឹងកាន់តែធ្ងន់ ប្រសិនបើនាងអស់លទ្ធភាពរកលុយព្យាបាល ឲ្យបានទាន់ពេលវេលា ហេតុនេះ ទោះជាមានការលើកទឹកចិត្តឲ្យនាងរឹងមាំ ពីសំណាក់អ្នករួមអាជីពយ៉ាងណា ក៏មិនអាចឃាត់ទឹកភ្នែកនាងជាប់បានឡើយ ហើយជំនួយពីបងប្អូនអ្នកសិ ល្បៈរួមអាជីព និងជនរួមជាតិ ពិតជាសំខាននិងចាំបាច់សម្រាប់ស្រីមុំ នៅគ្រានេះ៕



