ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ណែនាំក្រើនរំលឹកសល់ប្រជាពលរដ្ឋ ពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មាន្លឹមសារទាំងស្រុងថា «ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួន នៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។
វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្តចេញពីពូជអូមីក្រុង (Omicron) ខ្សែស្រឡាយ JN.1។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះ ជា “វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន” បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ បច្ចុប្បន្ននេះ មិនទាន់មានភ័ស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។
ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញវីរុស NB.1.8.1 នៅចន្លោះខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់ តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន ចំនួន១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោមអ្នកជំងឺដែលកមកទទួលសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ ដូចដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ផ្លូវការ របស់ក្រសួងសុខា ភិបាល។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម ៖
– អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។
– ត្រូវខ្ទប់មាត់និងច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។
– ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។
– សូមបងប្អូនប្រជាពលរដ្ឋ បន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ»៕ ខៀវទុំ