ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ និងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានសហការគ្នាដេញតាមចាប់មុខសញ្ញាចោរឆក់ យ៉ាងសកម្ម ២នាក់ ដែលកំពុងជិះម៉ូតូ ១គ្រឿង ដឹកគ្នា ខណៈនោះសមត្ថកិច្ចប្រ ដេញតាមតាំងពីភូមិសាស្ត្រខណ្ឌប្ញស្សី រហូតដល់ភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែចោរ ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលក្នុងព្រៃកក់មួយកន្លែង និងបានគេចខ្លួនបាត់ដោយសុវត្ថិភាព សល់តែម៉ូតូ ១ គ្រឿង ត្រូវបានសមត្ថកិច្ចដកហូត យកមករក្សាទុក។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចព្រៃកក់ ១កន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យ ទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជាមុខសញ្ញាចោរឆក់ យ៉ាងសកម្ម និងឆក់មិនរើសមុខ (ឆក់ខ្សែក ទូរស័ព្ទដៃ និងកាបូបលុយ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងនគរបាលខណ្ឌឫស្សីកែវ គឺជាម្ចាស់ករណីនោះ បានបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាចោរឆក់ ២នាក់ ខាងលើ រួចបានដេញតាមបង្ក្រាប។ ប៉ុន្តែជនសង្ស័យ មិនព្រមឱ្យឃាត់ខ្លួនស្រួលៗនោះទេ ក៏បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AG-4649 គេចខ្លួនសំដៅទៅផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានសហការគ្នាដេញតាមបង្ក្រាប ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក្រុមចោរបានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃកក់តែម្តង។បន្ទាប់មក កម្លាំងនគរបាល ទាំង២ខណ្ឌខាងលើ ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យផង បានធ្វើការឡោមព័ទ្ធទីតាំងនោះ ប៉ុន្តែដោយសារតែទីនោះមានព្រៃក្រាស់ និងមានទឹកជ្រៅផងនោះ ទើបជនសង្ស័យ អាចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយឡោមព័ទ្ធ និងរុករកអស់ចិត្ត មិនឃើញជនសង្ស័យ ទើបសមត្ថកិច្ចសម្រេចចិត្តដកថយចេញវិញ ដោយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដែលជាម្ចាស់ករណី បាននាំយកម៉ូតូដែលជនសង្ស័យផ្តួលចោលនោះ ទៅរក្សាទុក ធ្វើការស្រាវជ្រាវបន្ត៕
