ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វាររថយន្តរបស់ជនជាតិចិន ម្នាក់ លួចកាបូបលុយជនរង គ្រោះ បានសម្រេច និងបានគេចខ្លួនបាត់អស់រយៈពេល ៨ថ្ងៃ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកាបូបលុយនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង០៣នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ 422A ផ្លូវលេខ២៤៥ ក្រុមទី៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះមកដល់វេលាម៉ោងប្រហែល ២និង០៥នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបណ្តោយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះជាតិ វាសនា ហៅអាហ្គេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិននិងស្នាក់នៅមិនពិតប្រាកដ។ ចំពោះវត្ថុតាងចាប់យក ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1X-3602 លេខតួនិងម៉ាស៊ីន 8259743។
ចំណែកជនរងគ្រោះ មានឈ្មោះ ZHOU XIN ZHI ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបអ្នកទេសចរណ៍ ស្នាក់នៅផ្ទះជួល បុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯសម្ភារៈបាត់បង់ រួមមាន កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ លុយ ចំនួន ១៤០ដុល្លារ និង ៣០០យ័ន។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល២និង០៥នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកវសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការ នគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីលួចគាស់ទ្វាររថយន្ត លួចកាបូបលុយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយស្រាវជ្រាវឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ២៧១ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុច មុខផ្ទះលេខ 422A ផ្លូវលេខ២៤៥ ក្រុមទី៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩និង០៣នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសុំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕