ខេត្តសៀមរាបៈយុវជនម្នាក់ បានខ្ចីម៉ូតូអ្នកស្គាល់គ្នាជិះ ដោយប្រាប់ថា មានការមួយភ្លែត រួចជិះគេចខ្លួនចេញពីខេត្តសៀមរាប បាត់អស់រយៈពេល ៧ថ្ងៃ ទើបត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួន បាន នាំយកមកចាត់ការតាមច្បាប់ និងដកហូតបានម៉ូតូ ប្រគល់ជូនម្ចាស់ដើមវិញ។

ករណីស៊ីដាច់ម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុច អេកូរីសត ភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ខេត្តសៀមរាប។ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ទើបកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វន ពន្លឺ ហៅ ថន ភេទប្រុស មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ (មានសារធាតុញៀន)។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ វន ពន្លឺ ហៅ ថន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ស៊ីដាច់ម៉ូតូ) កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចអេកូរីសត ភ្នំក្រោម ភូមិក្រសាំងរលើង សង្កាត់សៀមរាប ខេត្តសៀមរាប។
ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការនោះ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញ បានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង បញ្ជូនមកកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី ព្រមទាំងបានប្រគល់ម៉ូតូ ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕