Friday, June 12, 2026
Homeតារាខ្មែរសួ  វិចិត្រ គេចមុខប្រពន្ធកូន ?

សួ  វិចិត្រ គេចមុខប្រពន្ធកូន ?

ភ្នំពេញ ៖ អ្នកនាងភ័ក្រ្ដ អតីតប្រពន្ធរបស់សួរ វិចិត្រ  បានបង្ហោះលើទិកតុក រូបលោកវិចិត្រ កំពុងដេញហ្គីតារ និងច្រៀងប៉ារូលចម្រៀងដែលបានកត់លើសៀវភៅ ខណៈនាងកំពុងដេកលើគ្រែក្រាលកន្ទេល សម្លឹងមុខប្ដី ដែលនេះជារូបចាស់ ឬជាភ័ស្ដុងតាងថ្មីមួយទៀត បញ្ជាក់ថា នាងនិងលោកវិចិត្រ ពិតជាធ្លាប់រួមរស់ក្រោមដំបូលតែមួយមែន ។ អ្នកនាងភ័ក្រ្ដ បង្ហាញសញ្ញាចង់វិលទៅផ្សះផ្សាស្នេហ៍ជាមួយអតីតប្ដីវិញ នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២៦ ដោយនាងវាចាថា «ចង់ប៉ះ ចង់ចាប់ដៃ ចង់ឱប តែមិនអាចធ្វើបាន តើបងស្អប់ខ្ញុំប៉ុនណាទៅ សួរ វិចិត្រ ?» ។

មិនមែនត្រឹមតែចេញសារថាចង់ឱប ចង់ជួបប្ដី ប៉ុន្ដែអ្នកនាងភ័ក្រ្ដ ប្រាប់ទៅ Fan លើទិកតុក ដែរថា នាងបាននាំកូនទៅជួបប្ដី តែលោកវិចិត្រ មិនស្វាគមន៍ឡើយ គឺគេចមុខប្រពន្ធកូនតែម្តង។ អ្នកនាងសុភ័ក្រ្ដ ថ្លែងថា «នាំកូនទៅលេងប្ដី ប្ដីថាអត់ទទួលស្វាគមន៍ទេ» ។

អ្នកយកព័ត៌មាន «នគរធំ» មិនទាន់អាចទាក់ទងការសុំបំភ្លឺពីលោកសួរ វិចិត្រ បានទេ។ចំណែកនៅលើហ្វេសប៊ុក របស់លោកវិចិត្រ ក៏មិនមានសារណាមួយលោកឆ្លើយពាក់ព័ន្ធនឹងការចោទប្រកាន់របស់អតីតភរិយា ដែលថា លោកមិនព្រមឲ្យប្រពន្ធកូនជួបមុខនោះដែរ ។ ប៉ុន្ដែលោកវិចិត្រ បានច្រៀង Cover បទចម្រៀងរបស់លោកសាពួន មីដាដា ដែលហាក់ត្រូវនឹងសាច់រឿងលោកខ្លះដែរ គឺបទ «កាត់ចិត្តដើម្បីអនាគតអូន» និងបទ «បងឬជាអ្នកខុស?» ។

គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០២៦ អ្នកនាងភ័ក្រ្ដ បានទម្លាយរូបភាពនៅលើបណ្ដាញសង្គម រវាងនាងនិងលោកវិចិត្រ ធ្លាប់រៀបការ​ និងថែមទាំងមានកូនជាមួយនាងទៀតផង ។ ប៉ុន្តែកាលនោះ អ្វីដែលនាងហួសចិត្តនិងគ្មានវាចាថ្លែង ស្រាប់តែប្ដីនាង លោកវិចិត្រ ដែលនាងថា មាត់និយាយថាស្រលាញ់កូនៗនោះ បែរជាសុំនាងលែងលះទៅវិញ ទើបទង្វើបែបនោះ ធ្វើឲ្យនាងអស់ក្ដីស្រលាញ់ប្ដីទៀត។ ប៉ុន្ដែរំលងបាន ៣ខែ ស្រាប់តែពេលនេះ នាងមានអារម្មណ៍ចង់ជួបនិងឱបប្ដី តែអ្វីដែលនាងខកចិត្ត គឺនៅពេលដែលនាងនាំកូនទៅជួប បែរជាប្ដីមិនទទួល ។ អ្នកនាងថែមទាំងធ្លាប់អះអាងថា បទចម្រៀង «អូនពូកែខឹង» ដែលលោកសួរ វិចិត្រ ល្បីល្បាញតាំងពីមុនលោកចូលហង្សមាស នោះគឺប្ដីនាង សរសេរនិងច្រៀងវាឡើង នៅពេលដែលរូបគេនិងនាង កំពុងតែស្រលាញ់គ្នា ហើយគេច្រៀងដើម្បីនាង ហើយពេលនោះជីវភាពក្រ រកតែម៉ូតូកញ្ចាស់ជិះ មិនបានផង។

យ៉ាងណា រយៈពេល ៣ខែ មកនេះ លោកសួ វិចត្រ មិនដែលហ៊ានចេញមកតទល់ ឬបំភ្លឺចំពោះអ្នកនាងភ័ក្រ្ដ ដែលចោទលោកថា សុខៗសុំនាងលែងលះនោះទេ គឺលោករក្សាភាពស្ងៀមស្ងាត់ បើទោះជាត្រូវប្រឈមនឹងការិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួនថា លោកជាតារាដែលពេលបានល្បី ភ្លេចប្រពន្ធកូន យ៉ាងណាក៏ដោយ ។ ការមិនព្រមបកស្រាយរឿងប្រពន្ធចោទលែងលះ និងមិនស្វាគមន៍ ឬគេចមុខប្រពន្ធកូននេះហើយ ធ្វើឲ្យលោកវិចិត្រ នឹងប្រឈមលែងអាចស្និទ្ធស្នាលជាមួយកញ្ញា លីន សោម៉ា ទៀតជាមិនខាន ព្រោះមុននេះ សោម៉ា ថាគ្មានពាក់ព័ន្ធអ្វីទាំងអស់ជាមួយលោកវិចិត្រ ហើយនាងថែមទាំងសុំឲ្យសារព័ត៌មានទាំងឡាយ កុំភ្ជាប់នាងជាមួយលោកវិចិត្រ ទៀត ។

មានការកត់សម្គាល់ដែរថា អំឡុងពេលដែលលោកសួ វិចិត្រ មិនព្រមផ្សះផ្សា ឬជួបមុខប្រពន្ធកូន លោកមានជីវភាពធូធារជាងមុន ដោយជិះរថយន្ដម៉ាក MG និងទិញបានផ្ទះ ១ល្វែងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបើកហាងលក់អាហារនៅផ្ទះ ផ្ទាល់ខ្លួនទៀតផង ។ ម្ចាស់ពាន Beat The Best រដូវកាលទី១ ច្រៀងនៅហង្សមាស ៤ឆ្នាំហើយ និងលេចធ្លោគួរសម ។ ប៉ុន្ដែបើនៅពេលល្បីឈ្មោះ មានផ្ទះ លុយ ឡាន ហើ យសុំលែងប្រពន្ធ និងមិនស្វាគមន៍កូន ដូចអ្នកនាងភ័ក្រ ចោទប្រកាន់មែននោះ មិនមែនជាអ្វីដែល Fan ចង់បាន ឡើយ ។          

សារព័ត៌មាន «នគរធំ» រង់ចាំការបំភ្លឺរបស់លោកសួ វិចិត្រ ជុំវិញការចោទប្រកាន់របស់អ្នកនាងភ័ក្រ្ដ ជានិច្ច ៕

RELATED ARTICLES