ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឱ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថាន បានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្តារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឱ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) និងបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្មដោយសារអាជ្ញាប័ណ្ណអាជីវកម្មរុករករ៉ែរបស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦ មកម៉្លេះ។

ក្រុមហ៊ុននេះ ក៏កំពុងស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹក ចំនួន ១សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃ សម្រាប់ការស្តារបរិស្ថានឡើងវិញ។

ក្រសួងបរិស្ថាន បាននិងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ វិធានការនេះគឺជាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព៕
