Friday, June 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានតទ្រុងខុសបច្ចេកទេស មន្ត្រីជំនាញចាប់កាត់ចោល

ឡានតទ្រុងខុសបច្ចេកទេស មន្ត្រីជំនាញចាប់កាត់ចោល

ខេត្តកំពង់ឆ្នាំង ៖ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវបានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់  ត្រូវបានរៀបចំកាត់ទ្រុងចេញ នៅព្រឹកថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២៦ ។

ពិធីនេះ មានការអញ្ជើញចូលរួមត្រួតពិនិត្យពីលោកសេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹក ជញ្ជូន លោកម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោកឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត និងមន្ត្រីមន្ទីរសាធារ ណការខេត្ត មន្ត្រីនគរបាលស្នងការខេត្ត ជាច្រើនរូបទៀត។

លោកឆាយ លាភា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា រថយន្តតទ្រុងខុសបច្ចេកទេសទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះមានមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង មន្ត្រីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្ត ធ្វើការស្ទាក់ចាប់ជាបន្តបន្ទាប់ នៅលើដងផ្លូវជាតិលេខ៥ និងនៅលើដងផ្លូវជាតិលេខ៥៣។ រថយន្តទាំងនេះ បានតទ្រុងវែងទៅក្រោយ លើសប្រវែងប្រមាណពី ២ម៉ែត្រកន្លះ ទៅ៣ម៉ែត្រ និងតទ្រុងឡើងទៅលើ កម្ពស់ជាង២ម៉ែត្រ និងផ្នែកខាងលើ តលៀនចេញមកខាង ប្រវែងជាងកន្លះម៉ែត្រម្ខាង។ ការតទ្រុងកែច្នៃទាំងនេះ សុទ្ធតែខុសលក្ខណៈបច្ចេកទេស។

ចំពោះនីតិវិធី មន្ត្រីជំនាញ នឹងកាត់ទ្រុង តម្រូវតាមស្តង់ដារឡើងវិញ ទើបអនុញ្ញាតឱ្យបន្តទៅមុខទៀត។ ចំណែករថយន្តខ្លះ មានដឹកអង្កាម ត្រូវឱ្យម្ចាស់រករថយន្ត មកសាងបន្ត ហើយកាត់ទ្រង់ចេញ ទើបបន្តឱ្យដំណើរទៅមុខទៀត។

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនជាម្ចាស់យានយន្ត សូមបញ្ឈប់ ការតយានយន្តខុសបច្ចេកទេស ព្រោះធ្វើឲ្យគ្មានសុវត្ថិភាពក្នុងការបើកបរ និងបង្កគ្រោះថ្នាក់ជាយថាហេតុ ។

បើតាមការបញ្ជាក់របស់អ្នកបើកបររថយន្តល្មើស បានឱ្យដឹងថា ពួកគាត់បានដឹកអង្កាម ចេញពីខេត្តពោធិ៍សាត់ សំដៅទៅខេត្តកំពត ដាក់ក្នុងរោងចក្រមួយ ដែលតាមដឹង គឺយកទៅកែច្នៃធ្វើជាស៊ីម៉ងត៍។ ចំពោះរថយន្តប្រភេទនេះ មានរាប់សិបគ្រឿង ដែលកំពុងចរាចរណ៍ដឹកអង្កាម ពីខេត្តពោធិ៍សាត់ ទៅខេត្តកំពត៕

RELATED ARTICLES