ខេត្តសៀមរាប ៖ ផ្ទះល្វែង ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញសម្ភារៈក្នុងផ្ទះ មួយចំនួនធំ គិតជាទឹកប្រាក់ ប្រមាណ ១ម៉ឺនដុល្លារ ខណៈដែលម្ចាស់ផ្ទះ បានអុជធូបសុំក្តីសុខ ទុកចោល ដោយរវល់យកបាយម្ហូប ទៅឱ្យកូនលក់ដូរនៅផ្សារ លុះត្រឡប់មកវិញ អគ្គិភ័យកំពុងឆាបឆេះផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូ នរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះល្វែង ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១ ក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះល្វែង ដំបូលប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ មានម្ចាស់ឈ្មោះពៅ ប៊ុនរ៉េន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិវត្តបូណ៌ សង្កាត់សាលា កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកើតឡើងភ្លាម កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃដដែល ទើបភ្លើងបានរលត់ទាំងស្រុង។ ដោយក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរ បាលខេត្តសៀមរាប ចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអា វុធហត្ថខេត្តសៀមរាប ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ឬបង្កឱ្យមានរបួសដល់អ្នកណាម្នាក់ឡើយ គឺឆេះខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈ រួមមាន ខោអាវ មួយចំនួន កង្ហារភ្ជាប់ជញ្ជាំង ១គ្រឿង សាឡុងពូកខ្លី ចំនួន១ គ្រែ ចំនួន១ ពូកទទឹង ១៨០ សង់ទីម៉ែត្រ បណ្តាយ ២ម៉ែត្រ កុងម៉ា ចំនួន២ គិតជាទឹកប្រាក់ អស់ប្រមាណជិត ១ម៉ឺនដុល្លារ។

ចំពោះមូលហេតុ គឺបណ្តាលមកពីម្ចាស់ផ្ទះ បានអុជធូប បន់សុំក្តីសុខ ទុកចោល ហើយជិះម៉ូតូ យកម្ហូបឱ្យកូន នៅផ្សារចាស់ ទើបបណ្តាលឱ្យឆេះផ្ទះតែម្តង៕
