ភ្នំពេញ ៖ អ្នកនាង យុគ ចិន្ដា បានធ្វើខួបកំណើតគម្រប់ ២២ឆ្នាំ ឲ្យកូនស្រីសំណព្វចិត្តរបស់នាង កញ្ញាយុគ ដាពេជ្រ ហៅស្រីអម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលពិធីនោះចម្លែកជាងឆ្នាំមុនៗ ព្រោះពិធីការិនីជើងចាស់រូបនេះ មិនបានទិញនំខេក ទៅ Surprise កូនស្រីដូចសព្វដងទេ ប៉ុន្ដែជំនួសមកវិញនូវអាហារដែលកូន ស្រីចូលចិត្ត គឺនំបញ្ចុកទឹកប្រហុក។ អ្នកនាងចិន្ដា បានលើកនំបញ្ចុកលាយបន្លែស្ពៃ ផ្កាកំប្លោក និងត្រសក់ រួមជាមួយត្រីអណ្ដែង ២ក្បាល និងទឹកប្រហុក ឲ្យទៅកូនស្រី អម របស់នាង ហើយនាងនិយាយថា មូលហេតុមិនទិញនំខេក ឲ្យកូន បែរជាជូននំបញ្ចុកទឹកប្រហុក ដោយសារតែកូនចូលចិត្តញ៉ាំអាហារនេះ និងមិនចាំបាច់អស់ លុយ ទៅទិញនំខេតក ឲ្យកូនញ៉ាំ ខ្ចាចធាត់ ។ អ្នកនាងចិន្ដា និយាយទៅកូនស្រីថា «រីករាយថ្ងៃខួបកំណើត (Happy birthday to you) Love You កូន! កូនស្រីល្អជាងគេលើលោក»។

កញ្ញាយុគ ដាពេជ្រ ហៅស្រីអម ទទួលនំបញ្ចុកទឹកប្រហុក ពីម្ដាយ ជាមួយស្នាមញញឹមនិងនិយាយថា «ហេតុ តែម៉ែដឹងថា កូនចូលចិត្តញ៉ាំនំបញ្ចុកទឹកប្រហុក សុខចិត្តរៀបចំឲ្យកូន។ខ្ញុំសូមបួងសួងខ្លួនឯង ឲ្យរៀនពូកែ ជាក្មេងឆ្លាត កាន់តែស្អាត ស្អាតដូចម្ដាយ ពូកែដូចម្ដាយ។អរគុណម៉ាក់ ដែលបានរៀបចំនំបញ្ចុកទឹកប្រហុក ជូនកូន»។

គួរបញ្ជាក់ថា អ្នកនាងយុគ ចិន្ដា តែងតែធ្វើខួបកំណើតឲ្យកូនស្រីបណ្ដូលចិត្តរបស់នាងជារៀងរាល់ឆ្នាំ ដែលឆ្នាំខ្លះ នាងធ្វើទ្រង់ទ្រាយធំ និងពេលខ្លះ រៀបចំជាលក្ខណៈគ្រួសារ តែឆ្នាំនេះ នាងបានយកនំបញ្ចុកទឹកប្រហុក ជំនួសឲ្យនំខេក ធ្វើខួបកំណើតឲ្យកូន ។

លោក ជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា ឆ្នាំនេះ អ្នកនាងចិន្ដា ពិតជាមិនបានធ្វើខួបកំណើតទ្រង់ទ្រាយធំ ឲ្យកូនស្រីមែន ប៉ុន្ដែមិត្តភក្ដិស្រីអម រៀនជាមួយគ្នា នៅសាលា ពួកគេដឹងថា ថ្ងៃខួបកំណើតនាង ក៏មាននំខេកឲ្យនាងដែរ ។ លោកថា ខួបស្រីអម ជាលក្ខណៈគ្រួសារសុទ្ធសាធ ពោលគឺមិនមានហៅតារាណាទៅចូលរួម ដូចឆ្នាំមុនៗឡើយ ។

គួរបញ្ជាក់ថា កូនស្រីអ្នកនាងយុគ ចិន្ដា គឺកញ្ញាយុគ ដាពេជ្រ ហៅស្រីអម ជានិស្សិតឆ្នាំទី៣ កំពុងសិក្សាផ្នែកជំនាញបដិសណ្ឋារកិច្ចនិងសណ្ឋាគារ នៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ និងចេះជំនាញតន្រ្ដី ផងដែរ ។ កន្លងមក គេឃើញស្រីអម ធ្លាប់កាន់ក្បាលមីក្រូ ធ្វើពិធីការិនី (MC) នៅកម្មវិធីខ្លះដែរ ប៉ុន្ដែនាងមិនទាន់ត្រៀមខ្លួនស្នងពីម្ដាយ ក្នុងអាជីពមួយនេះឡើយ។ ចំណែកអ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិនបង្ខំឬជំរុញកូនស្រីឲ្យធ្វើអ្វីមួយតាមចិត្តខ្លួនឯងទេ តែអ្នកនាងគាំទ្រនូវអ្វីដែលកូនស្រីស្រលាញ់ ចង់ធ្វើដោយចិត្តរបស់គេ ។

អ្នកនាង យុគ ចិន្ដា បានលាក់អត្តសញ្ញាណឪពុករបស់កូនស្រីជាង ២ទសវត្សមកហើយ ទើបធ្វើឲ្យគេ នៅតែមិនដឹងថា បុរសណាជាឪពុកស្រីអម ដដែល ខណៈដែលគូស្នេហ៍ថ្មីរបស់អ្នកនាងចិន្ដា ដែលជាមន្រ្ដីសុរិយោដីនោះ ស្រលាញ់កូនស្រីអ្នកនាងចិន្ដា ដូចកូនលោកបង្កើតដែរ ។ អ្នកនាងចិន្ដា ធ្លាប់បង្ហើបដែរថា នៅពេលដែលកូនស្រីពេញវ័យ ១៨ឆ្នាំ នោះនាងនឹងគិតគួរដល់រឿងរៀបការខ្លួនឯងហើយ ដែលពេលនោះ នាងនឹងឲ្យកូនស្រី ធ្វើជាអ្នកកំដរម្ដាយតែម្ដង ។ ប៉ុន្ដែ៤ឆ្នាំទៅហើយ ដែលអ្នកនាងចិន្ដា នៅតែមិនហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ដដែល ក្រោយលុបចោលមង្គលការ កាលពីឆ្នាំ២០២០ ។ យ៉ាងណា សព្វថ្ងៃ អ្នកនាងចិន្ដា កំពុងរស់នៅយ៉ាង មានសុភមង្គល ជាមួយគូស្នេហ៍ និងកូនស្រី នៅផ្ទះវីឡាប្រណិត បុរីអង្គរភ្នំពេញ (គម្រោងទី២) ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នកនាង ក៏បានបើកហាងកាត់ដេរ ភោជនីយដ្ឋានស្លឹកឈូក និងហាង អាហារបួស នៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ ៕


