Thursday, June 18, 2026
Homeតារាខ្មែរប៊ុត សីហា បំណុល១០០ដុល្លារ

ប៊ុត សីហា បំណុល១០០ដុល្លារ

ភ្នំពេញ ៖ ប៊ុត សីហា ត្រូវបានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Je Plouy ដែលជាអ្នករកស៊ីចងការលុយ បង្ហោះវីដេអូខ្ចីលុយនាង ចំនួន១០០ដុល្លារ តែមិនបានបង់សងការ តាមកិច្ចសន្យា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។ អ្វីដែលមហាជនភ្ញាក់ផ្អើល លុយ ១០០ដុល្លារនេះ ប៊ុត សីហា បានរៀបរាប់ពីអត្តសញ្ញាណខ្លួនទៅម្ចាស់បំណុលទាំងអស់ ដើម្បីបានលុយខ្ចី ហើយព្រមថតវីដេអូ ទុកធ្វើជាភ័ស្ដុតាងទៀតផង ។

ប៊ុត សីហា បានសន្យាចំពោះម្ចាស់បំណុល ក្នុងវីដេអូនោះថា «ខ្ញុំបាទ ឈ្មោះប៊ុត សីហា កាន់អត្តសញ្ញណប័ណ្ណលេខ ០៣១ ០០០៧៧៧ លំនៅបច្ចុប្បន្ន នៅស្រុកខ្មែរ ភូមិព្រះម្លប់ ឃុំគិរីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ខ្ញុំបាទបានខ្ចីប្រាក់ពីហ្វេសប៊ុក ឈ្មោះចែផ្លយ ចំនួន១០០ដុល្លារ រយៈពេលកម្ចី ១ខែ ខ្ចីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ។ វីដេអូនេះ ខ្ញុំបាទថតទុកជាភ័ស្ដុតាង ដើម្បីឲ្យម្ចាស់លុយមានទំនុកចិត្តលើខ្ញុំ ខ្ញុំបញ្ជាក់ពិតជាបានខ្ចីលុយចែផ្លយ ពិតប្រាកដមែន ដោយគ្មានការបង្ខិតបង្ខំពីភាគីមួយណាឡើយ ។ ប្រសិនបើខ្ញុំបាទមិនគោរពតាមសន្យា ខ្ញុំព្រមទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ហើយខ្ញុំក៏ព្រមឲ្យម្ចាស់លុយ បង្ហោះ រូប និងបរិហារកេរ្ដិ៍ខ្ញុំ បើសិនជាខ្ញុំមិនគោរពតាមសន្យា» ។

អ្នកលេងហ្វេសប៊ុក ឈ្មោះ Tep Vilen បានខម្មិនថា «តាមស្ដាប់គាត់ (សីហា) និយាយ ខ្ចីរយៈពេល ១ខែ គាត់ខ្ចីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃនេះ តាមស្ដាប់ ដូចមិនទាន់ដល់ថ្ងៃទេ»។

ភ្លាមនោះម្ចាស់បំណុល ឈ្មោះ Je Plouy បានខម្មិនឆ្លើយតបទៅ Tep Vilen ថា «សូមបងប្អូនយល់ លុយរាប់ រាប់រាល់ថ្ងៃ រាល់អាទិត្យ ដល់ថ្ងៃបង់ការប្រាក់ គាត់ប្លុកខ្ញុំចោល សន្យាខ្ចីលុយ ១ខែ សងមកវិញ តែគាត់ប្លុកខ្ញុំចោលបាត់ហើយ»។

គណនីហ្វេសប៊ុក ឈ្មោះ Meng Saiyo បានខម្មិនថា «ចប់! អត់កំណើតមែន អត់ចេះស្រលាញ់កេរ្ដិ៍ឈ្មោះនិងកិត្តិយសតារាល្បី ប្រចាំប្រទេស មកថោកទាប លុយ ១០០$ វាមិនសមទេ កុំថាឡើយ ១០០$ ទោះ១០០០០០$ ក៏វាមិនសមនឹងកេរ្ដិ៍ឈ្មោះដែលយើងខំកសាងវាមកជាយូរមកហើយ កែមិនឡើងមែន» ។

 ប៊ុត សីហា មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦  ព្រោះទូរស័ព្ទមិនចូល ។ចំណែកនៅលើទំព័រហ្វេសប៊ុក របស់សីហា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា បានសរសេរថា «អ្វីដែលត្រូវចាំកុំភ្លេច ពេលក្រ គេមើលងាយណាស់» ។

សីហា មិនឆ្លើយតបអ្វីទាំងអស់ ទាក់ទងម្ចាស់បំណុល ចែផ្លយ បង្ហោះរូបលោកធ្វើកិច្ចសន្យាខ្ចីលុយ និងថាលោកបានប្លុក (Block) ហ្វេសប៊ុកនាងចោលខាងលើ ។

មុនត្រូវគេបង្ហោះរឿងជំពាក់លុយ ប៊ុត សីហា បានបង្ហោះបទចម្រៀងថ្មីៗរបស់ខ្លួន នៅផលិតកម្ម TN Music ដូចជាបទ «ពិបាកមែន?», «ធ្លាប់ខូចហើយ» ជាដើម ខណៈរូបគេក៏បានបញ្ចេញសកម្មភាពមួយចំនួន ទាក់ទងការច្រៀងសម្ដែងលើឆាក ជាមួយសារថា «ទោះគ្មានឱកាសច្រៀងលើឆាកធំៗដូចគេ ក៏នៅបន្ដតស៊ូលើការចាប់ផ្ដើម» ។          

គួររំលឹកថា ប៊ុត សីហា លើកពាន The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ និងត្រូវថៅកែផលិតកម្មហង្សមាស ដេញចេញនៅឆ្នាំ២០១៧ ទាំងមុនផុតកុងត្រា។ រយៈពេល ៩ឆ្នាំនេះ សីហា គ្មានលំនឹងក្នុងអាជីពសិល្បៈទេ បើទោះជាមានផលិតកម្មឈរជើងក្ដី ប៉ុន្ដែបទចម្រៀង ចេញមិនទៀងទាត់ឡើយ ហើយម្ដង គេឃើញលោកច្រៀងតាមឆាកកម្មវិធីតូចៗ និងជួលកាល ត្រូវប៉ូលិសឃាត់ខ្លួននៅផ្ទះសំណាក់ ទាក់ទងគ្រឿងញៀន។អតីតតារាហង្សមាស រូបនេះ ហាក់ពិបាកវិលទៅរកជីវភាពប្រសើរឡើងវិញ ក្រោយពីលោកស្រី ទ្រី ដាណា លែងជ្រោមជ្រែង បន្ទាប់ពីធ្លាប់ជួយសីហា អស់ជាង ១០ម៉ឺនដុល្លារ ផលិតបទចម្រៀង ពេលធ្លាក់ខ្លួន ក្រោយចេញពីហង្សមាស ។ ឥឡូវសីហា ធ្លាក់ដល់ចំណុចដុនដាបខ្លាំង ព្រោះត្រឹមតែលុយ ១០០ដុល្លារ ក៏ត្រូវខ្ចីគេ សុខចិត្តធ្វើតាមលក្ខខណ្ឌម្ចាស់បំណុលសព្វបែបយ៉ាង ហើយចុងក្រោយ ត្រូវបាក់មុខ ព្រោះតែម្ចាស់លុយ បង្ហោះពេញបណ្ដាញសង្គមតែម្ដង។ ចំណែកផលិតកម្ម Galaxy ដែលធ្លាប់ហៅសីហា ទៅច្រៀង ២ដង តែលោកមិនខ្ចីទៅជួបថៅកែនោះ ពេលនេះក៏គ្មានសញ្ញាចង់ផ្ដល់ឱកាសឲ្យសីហា ជាលើកទី៣ ដែរ ៕

RELATED ARTICLES