ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ១០នាក់ យកមកកោរសក់ អប់រំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា ថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នា១០នាក់ ដែលបាននាំគ្នាបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខសុវត្ថិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន បាត់សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។

ក្មេងទំនើង ទាំង១០នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនី ដានីន អាយុ២១ឆ្នាំ មុខរបរកម្មករ។ ទី២-ឈ្មោះយ៉ាន ចាន់ អាយុ១៦ឆ្នាំ មុខរបរកម្មករ។ ទី៣-ឈ្មោះភាព សាន់នី អាយុ១៩ឆ្នាំ មុខរបរកម្មករ។ ទី៤-ឈ្មោះ វឿន វណ្ណេត អាយុ១៧ឆ្នាំ មុខរបរកម្មករ។ ទី៥-ឈ្មោះផុន សុផាក អាយុ២៤ឆ្នាំ មុខរបរកម្មករ។ ទី៦-ឈ្មោះគុណ សំណាង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី៧-ឈ្មោះទីន ស៊ីណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី៨-ឈ្មោះហាក់ ប៊ុនសាក់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី៩-ឈ្មោះរិន ភារៈ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី១០-ឈ្មោះ រិទ្ធ វាសនា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ចំនួន៥គ្រឿង ១-ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ស្លាកលេខ កំពង់ឆ្នាំង 1G-4644។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-7395។ ៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KU-6795។ ៤-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ស្លាកលេខ កំពង់ធំ 1U-0188។ និង៥- ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1Q-1266។ ទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក iPhone ចំនួន១១គ្រឿង និងម៉ាក VIVO ចំនួន១គ្រឿង។

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ទាំង១០នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ កោរសក់ និងធ្វើកិច្ចសន្យាចំពោះមុខម្តាយឪពុក និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម។ ចំណែកម៉ូតូ ត្រូវដកហូតយកមករក្សាទុក រយៈពេល៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

