ខេត្តព្រៃវែង ៖ យុវជនម្នាក់ បានយកឆ្នាំងសាកទូរស័ព្ទ ទៅដោតព្រីភ្លើង បញ្ចូលថ្ម តែខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
យុវជនរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ មានឈ្មោះហួន សំហេង អាយុ១៦ឆ្នាំ មានលំនៅ ភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ច បានឱ្យដឹងថា យោងតាមចម្លើយរបស់ក្មេងប្រុសឈ្មោះហួន វណ្ណា អាយុ១២ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ និងជាអ្នកនៅក្នុងហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ រូបគេនិងបងប្រុស កំពុងអង្គុយលេងនៅក្នុងផ្ទះសុខៗ ស្រាប់តែបងប្រុសរបស់គេ បានកាន់ទូរស័ព្ទ ដើរទៅអង្គុយមើលនៅក្នុងរោងខាងមុខផ្ទះ មួយស្របក់ក្រោយមក ស្រាប់តែឮសំឡេងបងប្រុសស្រែកខ្លាំងឡើង រូបគេក៏រត់ចេញទៅមើល ស្រាប់តែឃើញបងប្រុសប្រកាច់ស្លាប់បាត់ទៅហើយ ទើបរូបគេស្រែកហៅឪពុកម្តាយ និងធ្វើឱ្យមានការផ្អើលឆោឡោឡើងតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា តាមការពិនិត្យនៅជុំវិញកន្លែងកើតហេតុ ឃើញថាមានឆ្នាំងសាកទូរស័ព្ទ មួយ កំពុងដោតជាប់ព្រីភ្លើង នៅនឹងជញ្ជាំងរោង ហើយដៃខាងឆ្វេងសពយុវជនរងគ្រោះ មានស្នាមឆេះខ្លោច ដូច្នេះក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញសន្និដ្ឋានថា យុវជនរងគ្រោះបានស្លាប់ ដោយសារឆក់ខ្សែភ្លើង ពេលយកឆ្នាំងសាក ទៅដោតព្រីភ្លើង បញ្ចូលថ្មទូរស័ព្ទ។

សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕