Thursday, June 25, 2026
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរថា យុវជនជំនាន់ក្រោយ នឹងទទួលសម្ពាធសង្គម ជំងឺសម័យទំនើប

អ្នកនយោបាយខ្មែរថា យុវជនជំនាន់ក្រោយ នឹងទទួលសម្ពាធសង្គម ជំងឺសម័យទំនើប

ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកបណ្ឌិត គុជ លី បានលើកឡើងថា យុវជនខ្មែរ ជំនាន់ក្រោយៗ នឹងទទួលសម្ពាធសង្គម ជំងឺសម័យទំនើប និងរដ្ឋបាលក្លែងក្លាយ ។

លោកបណ្ឌិត គុជ លី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ថា “យុវជនជំនាន់ក្រោយៗ នឹងទទួលសម្ពាធសង្គមថ្មីៗដោយជំងឺសម័យទំនើប និងរដ្ឋបាលក្លែងក្លាយ» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា សម្ពាធសង្គម ជំងឺសម័យទំនើប គឺសំដៅទៅលើសម័យ AI ដែលលោកមើលឃើញថា បើរាជរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់កែតម្រូវឲ្យប្រជាពលរដ្ឋឌីជីថល ចេះរៀនសូត្រក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាត្រឹមត្រូវទេ នឹងធ្វើឲ្យកម្ពុជា មានបញ្ហាពីរយ៉ាង ទៅថ្ងៃអនាគត គឺទីមួយ ទទួលព័ត៌មានក្លែងក្លាយ ដោយអត់ដឹងខ្លួន និងទីពីរ បញ្ចូលមនោគមន៍វិជ្ជាពីបរទេស តាមរយៈបច្ចេកវិទ្យា ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “ពាក់ព័ន្ធទៅនឹងទទួលសម្ពាធសង្គម ជំងឺសម័យទំនើបហ្នឹង មានអ្វីខ្លះ? ជាទូទៅ ខ្ញុំពន្យល់ដោយសង្ខេប ខ្ញុំចង់សំដៅទៅលើសម័យអេអាយ (AI) សម័យទំនើបហ្នឹង គឺសំដៅទៅលើសម័យ AI ដោយសារនៅក្នុងប្រទេសកម្ពុជា របស់យើង ខ្ញុំចាត់ទុកថា ជាជំងឺសង្គម វប្បធម៌នៃសម័យ AI នេះ គឺដោយសារប្រជាពលរដ្ឋរបស់យើង ទូទាំងប្រទេស បានទទួលឥទ្ធិពលនៃមនោគមន៍បច្ចេកវិទ្យាជាន់ខ្ពស់ ៤.១ សម័យទំនើបថ្មីនេះ គឺធ្វើឲ្យកម្ពុជា ងាកទៅរកការពាណិជ្ជកម្ម ឬក៏ការរកស៊ីតាមបច្ចេកវិទ្យាជាន់ខ្ពស់ ដែលធ្វើឲ្យរាជរដ្ឋាភិបាល បានទទួលសម្ពាធនៅក្នុងគោលនយោបាយ គេហៅថា “ រាជរដ្ឋាភិបាល E-Government) ហើយនិង “ប្រជាជនឌីជីថល” ។ អ៊ីចឹងពលរដ្ឋឌីជីថលរបស់យើង ទទួលសម្ពាធខ្លាំងក្លាបំផុត នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ហើយអេអាយ ដើរតួនាទីសំខាន់ក្នុងការរស់នៅជីវភាពប្រចាំថ្ងៃ ។ យើងឧទាហរណ៍ ការវិវត្តន៍សម័យទំនើបមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ងាកមកប្រើ App នៅក្នុងសម័យកូវីដ នៅពេលដែលកូវីដ បានមកដល់ប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក នៅពេលហ្នឹងហើយ យើងឃើញថា ប្រជាពលរដ្ឋខ្មែរ ចាប់ផ្តើមបង្ខំខ្លួនរៀនអក្ខរកម្ម គេហៅថា “អក្ខរកម្មបច្ចេកវិទ្យា” ដើម្បីប្រើអេប នៅក្នុងការផ្លាស់ប្តូររជីវភាពនៅក្នុងការរស់នៅ យើងឃើញថា ពេលហ្នឹងហើយ គឺមានការប្រើប្រាស់ធនាគារ (App) ទូលំទូលាយ ដោយសារមិនហ៊ានកាន់លុយ ខ្លាចកើតជំងឺកូវីដ ឆ្លងជាដើម“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងនេះគេហៅថា បរិវត្តន៍កម្មមួយ ក្នុងការវិវត្តបច្ចេកវិទ្យា ដែលធ្វើឲ្យកម្ពុជា នឹងអាចមានជំងឺកាន់តែខ្លាំងឡើង ។ យើងឧទាហរណ៍ នៅក្នុងប្រទេសដែលគេជឿនលឿនក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺគេចេញពីសាលា នៅក្នុងការប្រើប្រាស់ ។ សម្រាប់កម្ពុជា របស់យើងវិញ គឺរាជរដ្ឋាភិបាល ចាត់ទុកថា ប្រជាពលរដ្ឋ ជាពលរដ្ឋឌីជីថល ក៏ប៉ុន្តែនៅរៀនអក្ខរកម្មនៅឡើយ ដែលជាមូលហេតុដែលអាចកើតជំងឺដល់ប្រជាពលរដ្ឋ ក្នុងការញៀនទូរស័ព្ទ ក្នុងការខូចក្នុងការគិត ប៉ះពាល់ក្នុងការគិតទៅថ្ងៃអនាគត ព្រោះអសមត្ថភាព ។ ឧទាហរណ៍ថា ប្រជាពលរដ្ឋម្នាក់ ឃើញគេលេងទូរស័ព្ទទំនើប ហើយស្រាវជ្រាវឯកសារ ឬក៏មើលអីបានទាំងអស់ ហើយប្រជាពលរដ្ឋម្នាក់ទៀត ទៅទិញទូរស័ព្ទ មួយគ្រឿង មក ដើម្បីចំណាយលុយ ១ពាន់  ឬ១ពាន់ដុល្លារជាង ក្នុងការប្រើទូរស័ព្ទទំនើប ដើម្បីសិក្សាស្រាវជ្រាវឯកសារអ្វីផ្សេងៗ ក៏ប៉ុន្តែពលរដ្ឋរបស់ខ្លួន ក្លាយទៅជាអ្នកមានជំងឺអក្ខរកម្មបច្ចេកវិទ្យា គឺមិនទាន់បានចេះអីទេ ។ អ៊ីចឹងហេតុផលហ្នឹងហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា នឹងអាចជួបហានិភ័យ ទៅថ្ងៃអនាគត ក្នុងការប្រើប្រាស់ប្រព័ន្ធអេអាយ បញ្ញាសិប្បនិម្មិតនេះ គឺធ្វើឲ្យបាត់បង់នូវឱកាសជាច្រើន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺខ្ញុំមើលឃើញថា លំហូរនៃវប្បធម៌បរទេស ហើយការបាត់បង់អត្តសញ្ញាណ គេហៅថា អត្តសញ្ញាណសម្រាប់កម្ពុជា គឺយើងចម្លងវប្បធម៌បរទេស កាន់តែខ្លាំងឡើង ជាពិសេស គឺបដិវត្តន៍វប្បធម៌ នៅប្រទេសខាងលិច តែម្ដង។ អ៊ីចឹងហេតុនេះហើយ ធ្វើឲ្យប្រទេសកម្ពុជា មិនទាន់បានទទួលយកក្នុងការប្រើប្រាស់អេអាយ ឬក៏ប្រព័ន្ធទិន្នន័យរបស់ខ្លួនបានទេ ហៅថា Khmer LMM ហ្នឹង គឺតាមរយៈក្រសួងប្រៃសណីយ៍ ដែលកំពុងតែបង្កើតឡើងក្នុងការវាយតម្លៃទៅលើប្រព័ន្ធ“ ។

លោកបណ្ឌិត គុជ លី បានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំអាចធ្វើការសន្និដ្ឋាន ឬក៏វិភាគនូវផលវិបាកនៃជំងឺសម័យបច្ចេកវិទ្យានេះ គឺផលវិបាកជារោគសញ្ញាមួយ ជាពិសេស គឺធ្វើឲ្យយុវជន និស្សិត ចាប់ពីថ្នាក់បាក់ឌុប ឡើងទៅ ខ្ញុំគិតថា ធ្លាក់គុណភាពនៅក្នុងការគិតផ្នែកខួរក្បាល ដោយសារតែប្រព័ន្ធ ChatGPT ប្រើអេអាយ ដើម្បីសួរនូវចម្ងល់ នូវហេតុផលអ្វីដែលខ្លួនចង់សួរ ក៏ប៉ុន្តែការគិតតាមប្រព័ន្ធអេអាយ នេះ គឺធ្វើឲ្យខូចសំណុំខួរក្បាលនៃការគិត គឺវាធ្វើឲ្យខូចប្រព័ន្ធនៃជាតិសាសន៍មួយ ក្នុងការគិតបាត់ទៅហើយ ។ អ៊ីចឹងពេលខ្លះ ពេលនិស្សិតសរសេរ សួរពីអេអាយ បានត្រឹមត្រូវ ក៏ទទួលបានព័ត៌មានត្រឹមត្រូវ និស្សិតខ្លះ ឬក៏សិស្សខ្លះ ទទួលបានព័ត៌មានក្លែងក្លាយ ក្លាយជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺរណិតទៅវិញ អាហ្នឹងដែលធ្វើឲ្យសង្គមរបស់យើងខូច នឹងក្លាយទៅជាជំងឺផ្លូវចិត្ត ហើយនិងផ្លូវកាយ ជុំវិញដំណោះស្រាយទៅវិញ ។ អ៊ីចឹងសេចក្ដីរួមរបស់ខ្ញុំមកវិញ ខ្ញុំឃើញថា ជំងឺសម័យទំនើបរបស់យើងនេះ គឺកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងសម័យជំងឺអេអាយ ដែលធ្វើឲ្យប្រជាជនរបស់យើង ងាកទៅប្រើឌីជីថលខ្លាំងមែនទែន នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែបើរាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់កែតម្រូវឲ្យប្រជាពលរដ្ឋឌីជីថលហ្នឹង ចេះរៀនសូត្រក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាត្រឹមត្រូវទេ គឺធ្វើឲ្យកម្ពុជា មានបញ្ហាពីរយ៉ាង ទៅថ្ងៃអនាគត ។ ទីមួយ គឺទទួលព័ត៌មានក្លែងក្លាយដោយអត់ដឹងខ្លួន ទីពីរ បញ្ចូលមនោគមន៍វិជ្ជាពីបរទេស តាមរយៈបច្ចេកវិទ្យា ។ ហ្នឹងហើយ ដែលយើងមើលឃើញថា ប្រជាពលរដ្ឋសព្វថ្ងៃ គេហៅថា ក្រុមគ្រួសារមួយញៀនទូរស័ព្ទ ក្រោកឡើង បើមិនបានលើកទូរស័ព្ទទេ គឺត្រូវបានបច្ចេកវិទ្យានៅលើពិភពលោកនេះ ពង្វក់ខួរក្បាលកម្ពុជា ឲ្យក្លាយទៅជាជំងឺបច្ចេកវិទ្យាសម័យទំនើបហ្នឹងតែម្ដង ដោយសារប្រើប្រាស់ខ្លាំងពេក រហូតដល់ឧទាហរណ៍មិញ ក្នុងគ្រួសារមួយ អ្នកខ្លះបង្កើតជាក្រុមហៅញ៉ាំបាយ អ្នកខ្លះបង្កើតជាក្រុមសួរសុខទុក្ខគ្នា នៅពេលជួបគ្នា គឺមិនបាននិយាយអ្វីទេ គឺកាន់ទូរស័ព្ទរៀងៗខ្លួន នេះគឺជាយុគសម័យទំនើប“ ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោកបណ្ឌិត គុជ លី ប្រធានគណបក្សខែ្មរតែមួយ ខាងលើនេះ បានធ្វើឡើងស្របពេលដែលមជ្ឈដ្ឋានអ្នកសិក្សា និងអ្នកតាមដានសង្គម បានលើកឡើងពីគុណសម្បត្តិ និងផលប៉ះពាល់វិជ្ជមាន នៃការប្រើប្រាស់បច្ចេកវិទ្យាសម័យទំនើប «បញ្ញាសិប្បនិម្មិត» (AI) ដោយក្នុងនោះ គុណសម្បត្តិ និងគុណវិបត្តិ បញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរជីវភាពយុវជនយ៉ាងខ្លាំង ។ វាផ្តល់ឱកាសមាសក្នុងការបង្កើនផលិតភាព បង្កើតភាពច្នៃប្រឌិត និងការសិក្សា ប៉ុន្តែទន្ទឹមនឹងនោះ ក៏បង្កជាហានិភ័យ ដូចជាការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ហានិភ័យសុវត្ថិភាពទិន្នន័យ និងការប្រឈមមុខនឹងទីផ្សារការងារ នាពេលអនាគត ។ ជួយសម្រួលដល់ការស្រាវជ្រាវ និងការស្វែងរកចំណេះដឹងថ្មីៗបានលឿន តាមរយៈកម្មវិធី ដូចជា Google AI និង OpenAI ChatGPT ដែលដើរតួជាគ្រូបង្រៀនផ្ទាល់ខ្លួន។ ជួយសន្សំពេលវេលាក្នុងការសរសេរ កែសម្រួល ឬរៀបចំគម្រោងនានា ដែលធ្វើឱ្យយុវជនក្លាយជាកម្លាំងពលកម្មឌីជីថល ដ៏មានសក្តានុពល។

ចំពោះហានិភ័យនិងផលប៉ះពាល់អវិជ្ជមាន ធ្វើឲ្យមានការធ្លាក់ចុះការគិតបែបស៊ីជម្រៅ ពោលគឺការពឹងផ្អែកលើ AI ពេក អាចធ្វើឱ្យយុវជន បាត់បង់ការច្នៃប្រឌិតផ្ទាល់ខ្លួន និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយឯករាជ្យ។ ប្រឈមបញ្ហាសុវត្ថិភាព និងភាពឯកជន គឺការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយម៉ាស៊ីន AI អាចធ្វើឲ្យមានការលួចបន្លំ ឬការបែកធ្លាយទិន្នន័យ។ បញ្ហាប្រឈមក្នុងអាជីព គឺការរីកចម្រើននៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម អាចធ្វើឱ្យការងារកម្រិតដំបូងមួយចំនួន ត្រូវបានជំនួសដោយ AI ។

ដូច្នេះដើម្បីទាញយកផលប្រយោជន៍ពី AI ប្រកបដោយប្រសិទ្ធភាព យុវជន គួរតែបន្តអភិវឌ្ឍជំនាញទន់ (Soft Skills) ដូចជា ការគិតបែបវិភាគ ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ ដែលជាអ្វីដែល AI មិនអាចជំនួសបាន ៕ កុលបុត្រ

RELATED ARTICLES