Friday, June 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមុខស្រដៀង ព្រួតកាប់ច្រឡំ ជាប់ខ្នោះ៥

មុខស្រដៀង ព្រួតកាប់ច្រឡំ ជាប់ខ្នោះ៥

ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងឈាមរាវ ១ក្រុម ប្រដាប់ដោយកាំបិតពូថៅ បានជិះម៉ូតូដឹកគ្នាដើររកមុខគូសត្រូវរបស់ខ្លួន លុះឃើញយុវជនម្នាក់ ជិះម៉ូតូកាត់ពីមុខ មើលមុខមាត់ស្រដៀងគូទំនាស់ ក៏ព្រួតគ្នាកាប់ បណ្តាញឱ្យយុវជនរងគ្រោះ រងរបួសសុសខ្លួន ស្ទើរស្លាប់ស្ទើររស់។ លុះក្រោយមក សមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់ បានចំនួន៥នាក់ យកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដ៏ឃោរឃៅ ដែលបង្កឡើងដោយក្រុមក្មេងទំនើងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែមិថុនា  ឆ្នាំ២០២៦ នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លុះមកដល់រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនដៃល់ ជាបន្តបន្ទាប់ សរុបចំនួន៥នាក់។

ក្រុមជនដៃដល់ទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈោះហ៊ាន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។ ទី២-ឈ្មោះពេជ្រ រតនាវណ្ឌី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។ ទី៣-ឈ្មោះបាន បូរី ហៅជា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។ ទី៤-ឈ្មោះសំអុល រូត ហៅរ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន និងទី៥-ឈ្មោះឆុន រ៉ាប៊ី ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន។

ចំពោះ វត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន២គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-1083 ២-ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយលឿង) កាំបិតវែងខ្លី ចំនួន៣ដើម និងពូថៅដៃ ១ដើម។

ចំណែកជនរងគ្រោះដែលត្រូវក្រុមជនអន្ធពាលខាងលើ ព្រូតកាប់ស្ទើរស្លាប់ស្ទើររស់ មានឈ្មោះជិន ហួរ  ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អំពើហិង្សាដ៏ឃោរឃៅនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅលើដងផ្លូវមួយកន្លែង នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯង លើដងផ្លូវ ហើយត្រូវក្រុមជនពាល ប្រទះឃើញ ស្មានតែសត្រូវរបស់ខ្លួន ក៏នាំគ្នាជិះម៉ូតូដេញតាមកាប់ គ្មានប្រណី ដេកដួលលើតែម្តង។

លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា អំពើហិង្សាដ៏កំរោលនេះ កើតឡើងដោយការភាន់ច្រឡំ បើតាមចម្លើយសារភាពបឋមរបស់ក្រុមជនដៃដល់ បំភ្លឺប្រាប់សមត្ថកិច្ច។

លោកអធិការបាននិយាយថា បើស្តាប់ចម្លើយសារភាពរបស់ក្រុមជនដៃដល់ដែលព្រួតកាប់ជនរងគ្រោះ ពេលដែលជនរងគ្រោះ មិនបានដឹងរឿងអ្វីសោះ ពួកគេមិនធ្លាប់ស្គាល់គ្នា មិនធ្លាប់មានជម្លោះនឹងគ្នា ហើយមុនពេលកើតហេតុ ក៏ភាគីទាំង២ មិនបានជួបគ្នាដែរ។ ពោលគឺជនរងគ្រោះ ជិះម៉ូតូតាមផ្លូវ ម្នាក់ឯងសុខៗ ក៏ត្រូវក្រមក្មេងអន្ធពាល ជិះម៉ូតូដេញតាមកាប់តែម្តង។

ជុំវិញចម្លើយសារភាពរបស់ក្រុមក្មេងពាលនេះដែរ មានម្នាក់ក្នុងចំណោម៥នាក់ បាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនមានជម្លោះជាមួយមនុស្សម្នាក់ ដែលមានមុខស្រដៀងបេះបិទទៅនឹងជនរងគ្រោះខាងលើ ហើយស្របពេលក្រុមខ្លួនដែលប្រដាប់ដោយកាំបិត ពូថៅ កំពុងរង់ចាំឃ្លាំមើលគូសត្រូវផង ស្រាប់តែឃើញជនរងគ្រោះ ជិះម៉ូតូមកដល់ ស្មានតែគូសត្រូវខ្លួន ព្រោះឃើញមុខស្រដៀងគ្នាពេក។ ម៉្យាងទៀត ខ្លួនកំពុងមានអារម្មណ៍ស្មុគស្មាញផង (ស្ត្រេស) ក៏នាំគ្នាជិះម៉ូតូដេញតាមទាន់ជនរងគ្រោះ ក៏ទាញកាំបិត និងពូថៅ ព្រួតកាប់ទៅលើជនរងគ្រោះ ទាំងកំរោលតែម្តង។

លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ក្រោយកើតហេតុបន្តិច កម្លាំងជំនាញរបស់លោក បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ប៉ុន្តែភ្លាមនោះ សមត្ថកិច្ចនៅមិនទាន់អាចកំណត់មុខសញ្ញាក្រុមជនសង្ស័យបាននៅឡើយ។ លុះក្រោយទទួលបណ្តឹងជនរងគ្រោះ  និងបន្ទាប់ពីធ្វើការស្រាវជ្រាវស្ទើរពេញមួយថ្ងៃ  ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង៥នាក់។

ក្រុមជនសង្ស័យទាំង៥នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES