កាលពីថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក James Mattis បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យោធាសហរដ្ឋអាមេរិក មិនទាន់មានផែនការផ្អាកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំណាមួយនៅឡើយទេ ជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ បែបនេះ បន្ទាប់ពីចំណងការទូតរបស់ប្រទេសទាំងពីរ កំពុងតែប្រេះស្រាំម្តងបន្តិចៗ ដោយសារតែកូរ៉េខាងជើង ហាក់ដូចជាគ្មានជំហរច្បាស់លាស់ទៅលើការបំផ្លាញអាវុធនុយក្លេអ៊ែរ របស់ខ្លួន។
ថ្លែងទៅកាន់សន្តិសុខសារព័ត៌មាន នៅមន្ទីរបញ្ចោកាណ លោក James Mattis បាននិយាយថា រហូតមកដល់ពេលនេះ គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេចំពោះគម្រោងសមយុទ្ធធំៗនៅឆ្នាំក្រោយ ប៉ុន្តែ លោកបានលើកឡើងថា ការផ្អាកធ្វើសមយុទ្ធនៅរដូវក្តៅនេះ គឺជាកាយវិការសុច្ឆន្ទៈចំពោះកូរ៉េខាងជើង។
លោក James Mattis បានបន្តទៀតថា ក្រោយជំនួបប្រជុំកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានសម្រេចបញ្ឈប់សមយុទ្ធជាច្រើន ប៉ុន្តែ សម្រាប់សមយុទ្ធនៅឆ្នាំក្រោយនេះ យើងមិនទាន់មានគម្រោងថា ត្រូវផ្អាក ឬយ៉ាងណានោះទេ គឺអាស្រ័យទៅលើភាពរីកចម្រើនរបស់កូរ៉េខាងជើង ពាក់ព័ន្ធទៅនឹងការរំលាយអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហាក់ដូចជាដើរដល់ផ្លូវបំបែក បន្ទាប់ពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo ប្រកាសលុបចោលដំណើរបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងជើង។
ប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិក នៅតែមានការមន្ទិលសង្ស័យ ដោយផ្អែកទៅលើផ្កាយរណបចារកម្ម ដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង មិនត្រឹមតែមិនបំផ្លាញទីតាំងអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងលួចសាងសង់កន្លែងផលិតអាវុធនុយក្លេអ៊ែរថែមទៀតផង៕