យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងមន្ត្រីការទូតនៅក្នុងតំបន់របស់សហរដ្ឋអាមេរិក បានថ្លែងប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ ថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បនាសម្រេចបញ្ចប់ជំនួយមូលនិធិទៅឱ្យភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជួយទៅដល់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយក៏បានអំពាវនាវឱ្យមានការកាត់បន្ថយទ្រង់ទ្រាយធំ នៅចំនួនជនជាតិប៉ាឡេស្ទីន មុននឹងពិចារណាទទួលយកធ្វើជាជនភៀសខ្លួន។
ការប្រកាសជាផ្លូវការ ជាមួយនឹងការគោរពទៅនឹងទីភ្នាក់ងារការងារ និងជំនួយសង្គ្រោះ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថា UNRWA នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ ជំនួយរបស់ UNRWA គឺសម្រាប់ផ្គត់ផ្គង់ទៅលើវិស័យអប់រំ សុខភាព និងសុខមាលភាពសង្គម នៅតំបន់ West Bank Gaza និងប្រទេសហ្សកដានី ស៊ីរី និងលីបង់។
សហរដ្ឋអាមេរិក គឺជាដៃគូដ៏សំខាន់សម្រាប់អង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយទៅឱ្យជនភៀសខ្លួន មិនត្រឹមតែប្រទេសប៉ាឡេស្ទីន ប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជនទូទៅលើពិភពលោក សហរដ្ឋអាមេរិក ធ្លាប់បានផ្តល់ជំនួយជាង៣៥០លានដុល្លារ ទៅឱ្យភ្នាក់ងារអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែ សម្រាប់ឆ្នាំនេះ សហរដ្ឋអាមេរិក សម្រេចមិនផ្តល់ជំនួយទៅឱ្យប្រទេសប៉ាឡេស្ទីន ទៀតទេ។
ការសម្រេចដកខ្លួនចេញនេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីជម្លោះរវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ពាក់ព័ន្ធទៅនឹងអាមេរិក ទទួលស្គាល់ទីក្រុងហ្សេរ៉ុយសាឡឹម ជារបស់អ៊ីស្រាអ៊ែល បើទោះជាមានការតវ៉ាពីសំណាក់ប្រទេសប៉ាឡេស្ទីន ក៏ដោយ៕