Tuesday, July 29, 2025
Homeព័ត៌មានជាតិក្មេងស្រីឪពុករត់ចោល ដើរវង្វេងផ្លូវ ចេះសំណាងបានពលរដ្ឋចិត្តធម៌នាំទៅឲ្យប៉ូលិស

ក្មេងស្រីឪពុករត់ចោល ដើរវង្វេងផ្លូវ ចេះសំណាងបានពលរដ្ឋចិត្តធម៌នាំទៅឲ្យប៉ូលិស

ភ្នំពេញ ៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ចេញពីរៀន ក៏ឆ្លៀតដើរលេងជាមួយមិត្តភក្តិ រហូតដល់យប់រកផ្លូវទៅផ្ទះអត់ឃើញ សំណាងល្អត្រូវប្រជាពលរដ្ឋចិត្តធម៌ប្រទះឃើញ ជួយនាំទៅប្រគល់ឱ្យសមត្ថកិច្ចស្រាវជ្រាវរកម្តាយមកទទួលយកត្រឡប់ទៅផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលាមឋមសិក្សាហាំងងោ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្មេងស្រីដែលដើរលេងវង្វេងផ្ទះ មានឈ្មោះពេជ្រ ចាន់បូរមី អាយុ៧ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកូឡាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្មេងស្រីរងគ្រោះជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៤ ស្រី១) មានម្តាយឈ្មោះលីដា អាយុ៣៧ឆ្នាំ មុខរបរអ្នកអនាម័យ ឪពុករត់ចោលផ្ទះបាត់ទៅហើយ សព្វថ្ងៃស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលវង្វេងផ្ទះ បានរៀបរាប់ប្រាប់ថា គាត់សព្វថ្ងៃជាស្ត្រីមេម៉ាយ (ប្តីរត់ចោល) ដោយបន្សល់ទុកកូនប្រុសស្រីចំនួន៥នាក់ ឱ្យគាត់ជាអ្នកមើលថែ ចិញ្ចឹមបីបាច់ទាំងលំបាកលំបិនតែម្នាក់ឯង។ នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ បានចេញទៅសាលារៀនដូចសព្វដង លុះពេលចេញពីរៀនវិញ នាងក៏បានទៅដើរលេងជាមួយក្មេងៗជាមិត្តភក្តិរៀនជាមួយគ្នា ដោយនាំគ្នាទៅលេងនៅសាលាបឋមសិក្សា ហាំងងោ រហូតដល់យប់ងងឹត ក្មេងៗដែលលេងជាមួយគ្នានោះ បាននាំគ្នាត្រឡប់ទៅផ្ទះវិញអស់ ទើបកូនរបស់គាត់បានដើរត្រឡប់មកផ្ទះដែរ តែដោយមិនចំណាំផ្លូវ ទើបបណ្តាលឱ្យវង្វេងផ្លូវទៅផ្ទះ និងត្រូវបានប្រជាពលរដ្ឋចិត្តធម៌ម្នាក់ប្រទះឃើញ បាននាំយកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្រះចក រក្សាទុកនិងបានផ្សព្វផ្សាយតាមវិទ្យុប្រកាសរកក្រុមគ្រួសារ។

ស្ត្រីជាម្តាយក្មេងស្រីខាងលើ បានបន្តថា ចំណែកគាត់ជាម្តាយនៅពេលដែលបាត់កូនយូរពេក ក៏បានដើររកកូននៅសាលារៀនដែរ តែអត់ឃើញទេ ទាល់តែយប់ទើបដឹងតាមវិទ្យុ ក៏បានចេញទៅរកកូនស្រីនៅប៉ុស្តិ៍ស្រះចក។ ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ថា កន្លងមកកូនស្រីពៅនេះ តែងតែវង្វេងផ្លូវជាញឹកញាប់ ប៉ុន្តែគាត់តាមរកឃើញវិញ។ បន្ទាប់ពីរកកូនឃើញវិញ ស្ត្រីជាម្តាយក៏បាននាំកូនត្រឡប់ទៅផ្ទះវិញទាំងយប់ ដោយ អារម្មណ៍ត្រេកអរយ៉ាងខ្លាំង៕

RELATED ARTICLES