យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយណៅថ្ងៃចន្ទ ទី03 ខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះសារមន្ទីរជាតិដែលមានអាយុកាលជាង200ឆ្នាំ នៅទីក្រុង Rio de janeiro ប្រទេសប្រេស៊ីល។ យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងបានឆាបឆេះបំផ្លាញអគារសារមន្ទីរនេះទាំងស្រុង ប៉ុន្តែជាសំណាងល្អ ពុំបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះ ទេ។
សារមន្ទីរនេះកសាងឡើងតាំងពីឆ្នាំ1818 ត្រូវបានគេដឹងថា មានដាក់តាំងវត្ថុបុរាណប្រហែលជា20លានមុខ ដែលក្នុងមានទាំងវត្ថុបុរាណអេហ្ស៊ីប និងឆ្អឹងមនុស្សបុរាណបំផុត ដែលរកឃើញនៅក្នុងប្រទេសប្រេស៊ីល។
លោក Michel Temer ប្រធានាធិបតីប្រេស៊ីល បានសម្តែងការសោកស្តាយចំពោះការបាត់បង់សារមន្ទីរវ័យចំណាស់នេះ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងមូលហេតុដែលនាំឱ្យឆេះសារមន្ទីរនេះនៅឡើយទេ។
ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង មកពីអង្គភាពចំនួន7 ប៉ុន្តែមិនអាចទប់ស្កាត់បានទាន់ពេលវេលា៕