យោងតាមប្រភពព័ត៌មានពីម៉ាឡេស៊ី បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមជាមួយប្រទេសសិង្ហបុរី ពន្យារពេលការអភិវឌ្ឍន៍គម្រោងផ្លូវដែកល្បឿនលឿន ពីប្រទេសម៉ាឡេស៊ី ទៅកាន់សិង្ហបុរី រហូតទៅដល់ឆ្នាំ២០២០។
នៅក្នុងសម្ភាសន៍ជាមួយកាសែតពាណិជ្ជកម្មម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានយល់ព្រមគ្នាផ្អាកគម្រោងសាងសង់រហូតទៅដល់ខែឧសភា ឆ្ន្នាំ២០២០។ ការផ្អាកនេះគឺជាការទុកឱកាសឱ្យប្រទេសម៉ាឡេស៊ី មានពេលដើម្បីពិនិត្យប្រភពហិរញ្ញវត្ថុរបស់ខ្លួន។
ចំណែកឯលោក Azmin Ali រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់កាលពីថ្ងៃចន្ទ ដែរថា គម្រោងនេះត្រូវផ្អាកមួយរយៈ ហើយការប្រកាសពីគម្រោងលម្អិត និងធ្វើនៅពេលក្រោយ។
គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន និងគម្រោងដទៃៗទៀត ដែលត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី លោកណាជីប រ៉ាហ្សាក់ ភាគច្រើនត្រូវបានលុបចោលដោយនាយករដ្ឋមន្ត្រី ឡើងកាន់តំណែងថ្មី មហាធៀរ មហាមេដ៕