ខេត្តកណ្តាល ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុតសម្រាប់ជីវិតក្មេងតូចៗទាំង៣នាក់នេះ ដោយត្រូវម្តាយឈឺស្លាប់ចោល ចំណែកបុរសជាឪពុកខ្វះការទទួលខុសត្រូវ បានចុះចោលកូនៗ ទៅមានស្រីថ្មីសំងំសោយសុខយ៉ាងរំភើយ ទុកឱ្យកូនទាំង៣នាក់ រស់នៅជាមួយជីដូនជរា ខ្វះខាតសព្វបែបយ៉ាង និងត្រូវនាំគ្នាដើររកក្តាមខ្យងតាមវាលស្រែលក់ គ្រាន់បានប្រាក់យកមកទិញអង្ករហូប។
ក្មេងកំព្រាទាំង៣នាក់បងប្អូនខាងលើនេះ រួមមានកូនប្រុសច្បងឈ្មោះវី សុខវ៉ាត អាយុ១៥ឆ្នាំ ចំណែកកូនស្រីទី២ឈ្មោះវី ស្រីណៃ អាយុ១២ឆ្នាំ ដោយឡែកកូនស្រីពៅមានឈ្មោះវី ស្រីណេ អាយុ៧ឆ្នាំ។ ក្មេងទាំង៣នាក់បងប្អូន សព្វថ្ងៃរស់នៅជាមួយជីដូនជរា នៅក្នុងភូមិចុងព្រែក ឃុំព្រែកគយ ស្រុកស្អាង។
តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះរូបភាពចំនួន៤សន្លឹក ព្រមទាំងវីដេអូឃ្លីបមួយ បង្ហាញពីស្ថានភាពជីវិតរស់នៅរបស់ក្មេងប្រុសស្រី៣នាក់បងប្អូន ដែលជាក្មេងកំព្រា (ម្តាយស្លាប់ ឪពុករត់តាមស្រី) ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាក ខ្វះខាតតាំងពីសម្លៀកបំពាក់ និងការហូបចុក។
ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយថា “ហ៊ឺម… បើសិនជាបងប្អូនបានឃើញរូបភាពនេះហើយ សុំចិត្តបងប្អូន កុំអូសរំលងអី..! សូមជួយចែកចាយរូបភាពទាំងនេះ ឱ្យបានទៅដល់សប្បុរសជនដែលមានធនធាន ចង់ជួយកុមាកុំព្រាទាំងបីនាក់នេះផង។
ខ្ញុំអាណិតពួកគាត់ណាស់ ខ្ញុំយំតាមគាត់ហើយ តើអ្នកណាយល់អារម្មណ៍មួយនេះបាន? តើនៅលើលោកនេះ មានឪពុកចិត្តខ្មៅដល់ថ្នាក់នេះឬ? បន្ទាប់ពីម្តាយស្លាប់ចោលហើយ ក៏ត្រូវឪពុកបោះបង់ចោលទៀត រស់នៅគ្មានភាពកក់ក្តៅដូចគ្រួសារគេដទៃ។ ចំណែកកូនប្អូនពៅ គ្នាទទួលរងនូវសម្ពាធទាំងនេះមិនបាន ក៏ក្លាយទៅជាមនុស្សមានរោគបេះដូង ស្ទើរតែធ្វើទុក្ខរាល់ថ្ងៃ ពេលឈឺម្តងៗស្រែកហៅអ្នកម្តាយ តើអ្នកម្តាយលឺកូនហៅរកអ្នកម្តាយទេ? កូនគ្រប់គ្នានឹកម្តាយណាស់។ កុមារា វី សុខវ៉ាត អាយុ១៥ឆ្នាំ កុមារី វី ស្រីណៃ អាយុ១២ឆ្នាំ និងកុមារី វីស្រីណេ អាយុ៧ឆ្នាំ ត្រូវបានម្តាយស្លាប់ចោល និងឪពុកបោះបង់ចោល រស់នៅតែជាមួយលោកយាយចាស់ជរាគ្មានទីពឹង។ ដូចនេះពួកគាត់ស្រែកដង្ហោយហៅបងប្អូន សប្បុរសជនក្នុងនិងក្រៅប្រទេសជួយពួកគាត់ផង ពួកគាត់ត្រូវការសំលៀកបំពាក់ និងសំភារៈសិក្សាមួយចំនួន ហើយពួកគាត់ចង់បានកង់ម្នាក់ ១ទុកជិះទៅរៀន។ ពួកគាត់រស់នៅភូមិចុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ដូចនេះបើមានបងប្អូនសប្បុរសជន ចង់ជួយពួកគាត់ តាមរយៈខ្ញុំបាទ phorn chetra សូម call ០៩៦ ៩៩ ៨៨ ៩៣៨ និង០៨៥ ៦០ ០០ ៧៦ សូមអរគុណ…!”។
ដោយឡែក តាមសម្តីក្មេងប្រុសឈ្មោះវី សុខវ៉ាត ជាកូនច្បងក្នុងគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា ពួកគេទាំង៣នាក់បងប្អូន ត្រូវ ម្តាយស្លាប់ចោលទៅហើយ និងថែមទាំងត្រូវឪពុករត់ចោល ទៅមានស្រីថ្មីទៀត ទុកឱ្យពួកគេរស់នៅជាមួយជីដូនជរារហូតដល់សព្វថ្ងៃ។ ជីវិត រស់នៅរបស់ពួកគេលំបាកវេទនាខ្លាំងណាស់ គ្មានការហូបចុកគ្រប់គ្រាន់ គ្មានប្រាក់ចាយវាយ ហេតុនេះ ទើបរាល់ថ្ងៃរូបគេ តែងនាងប្អូនស្រីទាំង២នាក់ដើរតាមវាលស្រែរកក្តាមខ្យង ជញ្ជាត់កូនស្រី និងបេះបោចបន្លែព្រៃ គ្រាន់យកមកស្លហូបផង លក់ផង ដើម្បីយកប្រាក់ទៅទិញអង្ករ អំបិលទុកហូប។ កន្លងមក អ្នកស្រុកភូមិចិត្តធម៌ តែងជួយជាលុយកាក់ អង្ករ ម្ហូបចំណីតាមលទ្ធភាពដែរ តែមិនអាចបំពេញការខ្វះខាតក្នុងគ្រួសារពួកគេបានឡើយ៕
Posted by Nourn Sobourn on Monday, 3 September 2018