ភ្នំពេញ ៖ ជារឿងដ៏ភ្ញាក់ផ្អើល និងគួរឱ្យគោរពបំផុតចំពោះទឹកចិត្តយុវជន២នាក់ ដែលប្រទះឃើញឡានពេទ្យ១គ្រឿង កំពុងដឹកអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់ ជួបការកកស្ទះចរាចរណ៍លើដងផ្លូវ ក៏សម្រេចចិត្តជិះម៉ូតូជួយបើកផ្លូវឱ្យឡានពេទ្យ ដើម្បីបានទៅដល់មន្ទីរពេទ្យ ឆាប់រហ័សជួយសង្គ្រោះជីវិតអ្នកជំងឺបានដោយជោគជ័យ ហើយតាមរយៈទឹកចិត្ត និងកាយវិការដ៏ល្អកម្ររកបាននេះ ត្រូវបានបុរសជាកូនប្រុស អ្នកជំងឺបានថតវីដេអូបង្ហោះតាមហ្វេសប៊ុក និងកំពុងប្រកាសតាមរកយុវជនទាំង២នាក់ ដើម្បីនិយាយពាក្យអរគុណចេញពីក្នុងចិត្តទៅកាន់យុវជន ចិត្តធម៌ទាំងពីរនាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកតៗគ្នា នូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពយុវជន២នាក់ ជិះម៉ូតូជួយសម្រួលចរាចរណ៍ (បើកផ្លូវ) ឱ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលដឹកអ្នកជំងឺម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវការសង្គ្រោះជីវិតបន្ទាន់ ដើម្បីឱ្យរថយន្តសង្គ្រោះបន្ទាន់នោះ ធ្វើដំណើរទៅមុខដោយរលូន ដោយគ្មានការរាំងស្ទះ និងដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យបានសង្គ្រោះជីវិតអ្នកជំងឺបានដោយជោគជ័យ។
តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង០៣វិនាទី គេឃើញយុវជន២នាក់ ម្នាក់ស្លៀកសំលៀកបំពាក់ឈុតពណ៌ខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HD-0384 ដឹកយុវជនម្នាក់ទៀតពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ និងស្លៀកខោខូវប៊យ បានជិះម៉ូតូពីមុខរថយន្តសង្គ្រោះបន្ទាន់១គ្រឿង និងបានព្យាយាមលើកដៃជាសញ្ញា សុំឱ្យយានយន្តដែលធ្វើដំណើរនៅលើដងផ្លូវខាងមុខ ជួយអែបខាង និងឈប់បន្តិចសិន ដើម្បីទុកចំណែកផ្លូវឱ្យរថយន្តសង្គ្រោះ បានបន្តដំណើរទៅមុខ ខណៈដែលស្ថានភាពចរាចរណ៍កំពុងមានការកកស្ទះ។
ដោយឡែកយោងតាមគណនីឈ្មោះ Rocky Phiroeun ដែលអះអាងថា ត្រូវជាកូនប្រុសបង្កើតរបស់អ្នកជំងឺ ដែលកំពុងស្ថិតក្នុងរថយន្តសង្គ្រោះបន្ទាន់ បានបង្ហោះសារមួយ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ថា “ជំរាបសួរបងប្អូននៅលើបណ្តាញសង្គម Facebook ទាំងអស់ជាទីស្រឡាញ់ និងគោរព! ខ្ញុំបាទឈ្មោះសោម ភីរឿន សុំរំខានចិត្ត និងពេលវេលារបស់បងប្អូនទាំងអស់ មេត្តាជួយស្វែងរកប្អូនប្រុសពីរ នាក់ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទ ដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។ តែដោយសារលក្ខណៈមិនអំណោយ ផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញ នាវេលាម៉ោង៥ល្ងាច ស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែលេចមុខប្អូនប្រុសទាំងពីរ បានជួយសម្រួលចរាចរណ៍ដែលអាចឱ្យរថយន្តទៅមុខ និងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។ ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី។ ក្នុងវេលានេះ បងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់។ ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ ០១០ ៩៦៤ ៥៧០ ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីឱ្យប្អូនទាំងពីរបានឃើញផង។ បញ្ជាក់ ៖ បើតាមរយៈ កាមេរ៉ាដែលខ្ញុំបានថតស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384 អរគុណបងប្អូនទាំងអស់គ្នា…”។
បន្ទាប់ពីមានការចែករំលែកតៗគ្នាពេញក្នុងសង្គមហ្វេសប៊ុករួចមក ទីបំផុត យុវជនចិត្តធម៌ទាំង២នាក់ ក៏ត្រូវបានគេស្គាល់អត្តសញ្ញាណ ដោយក្នុងនោះយុវជនជាអ្នកបើកម៉ូតូ មានឈ្មោះសុខ លីម៉ារាឌី អាយុ១៨ឆ្នាំ ចំណែកមិត្តភក្តិដែលរួមដំណើរជាមួយគ្នា មានឈ្មោះម៉ែន វាសនា អាយុ១៨ឆ្នាំដូចគ្នា។ យុវជនទាំង២នាក់ គឺជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨កាលពី ពេលថ្មីៗនេះ និងកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្នុងពេលដ៏ខ្លីខាងមុខ។
យុវជនសុខ លីម៉ារាឌី បានរៀបរាប់ប្រាប់ថា ពេលនោះពួកគេទាំង២នាក់ កំពុងជិះម៉ូតូ បំណងទៅរកទិញអីញ៉ាំនៅទួលទំពូង ស្រាប់តែប្រទះឃើញឡានសង្គ្រោះបន្ទាន់មួយ កំពុងជួបបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅម្តុំស្តុបពេទ្យចិន លើមហាវិថីព្រះមុនីវង្ស។ ដោយទ្រាំមើលស្ថានការណ៍ដ៏លំបាកនេះមិនបានខ្លួន និងមិត្តភក្តិឯកភាពគ្នាថា ត្រូវតែជួយសម្រួលរហូតដល់គោលដៅទោះបីជាមិនត្រូវជាអ្វីជាមួយនឹងគ្នាក៏ដោយ។ យុវជនរូបនេះបន្តថា មូលហេតុដែលពួកខ្លួនសម្រេចចិត្តជួយសម្រួលចរាចរណ៍នៅពេលនោះ ព្រោះតែចង់ជួយសង្គ្រោះជីវិតមនុស្ស ដោយមិនចង់បានអ្វីតបស្នងមកវិញឡើយ គឺជួយដោយចេញពីទឹកចិត្តពិតប្រាកដ ព្រោះមានអារម្មណ៍ថា ឪពុកគេឪពុកយើង ម្តាយគេម្តាយយើង គឺជាជីវិតមួយដូចតែគ្នាគ្មាននរណាម្នាក់ចង់បាត់បង់សមាជិកគ្រួសារឡើយ ហើយពួកគេមិនដឹងថា អាចជួយអ្វីបាន ក្រៅពីជួយសម្រួលឱ្យឡានសង្គ្រោះ បន្ទាន់បានឆាប់ទៅដល់មន្ទីរពេទ្យតែប៉ុណ្ណោះ៕