បន្ទាប់ពីតុលាការមីយ៉ាន់ម៉ា ប្រកាសសាលក្រមឱ្យអ្នកកាសែត Reuters ២រូប ជាប់ពន្ធនាគារ ម្នាក់ៗចំនួន៧ឆ្នាំ កាលពីថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឥឡូវនេះលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីអំពាវនាវឱ្យដោះលែងអ្នកកាសែត Reuters ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
លោក Pence គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានទទូចសុំឱ្យតុលាការមីយ៉ាន់ម៉ា ពិចារណាដោះលែងអ្នកកាសែត Reuters ឱ្យបានកាន់តែឆាប់ និងគ្មានលក្ខខណ្ឌ។
ការលើកឡើងរបស់អនុរដ្ឋមន្ត្រីរូបនេះ គឺការដាក់បន្ទុកថ្មីមួយទៀតទៅលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីអង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល និងអង្គការលើកលែងទោសអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសព្រមៗគ្នា ចំពោះតុលាការមីយ៉ាន់ម៉ា។
ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃពុធ នេះ ក្រុមគ្រួសាររបស់អ្នកកាសែតទាំងពីរ បានធ្វើសន្និសីទកាសែត ទទូចឱ្យតុលាការដោះ លែងប្តីរបស់ពួកគេ។ ពួកគេយល់ថា គឺជាអយុត្តិធម៌ដោយសារតែប្តីរបស់ពួកគេគ្មានកំហុសនោះទេ។
ដោយឡែក លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែដើរតួនាទីសំខាន់ចំពោះរឿងក្តីទៅលើអ្នកកាសែតទាំងពីរនាក់នេះ។
លោក Wa Lone អាយុ៣២ឆ្នាំ និងលោក Kyaw Soe Oo អាយុ២៨ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសឱ្យជាប់គុករយៈពេល៧ឆ្នាំ ពីបទចោទប្រកាន់លួចផ្តល់ព័ត៌មានទៅឱ្យរដ្ឋបរទេស ដោយផ្អែកទៅលើច្បាប់សល់ពីសម័យអាណានិគម។
អ្នកកាសែតទាំងពីរ បានសរសេរព័ត៌មានពាក់ព័ន្ធទៅនឹងអំពើហិង្សាទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលត្រូវបានទាហានរបបមីយ៉ាន់ម៉ា បាញ់សម្លាប់យ៉ាងរង្គាលនៅក្នុងខេត្តរ៉ាក់ឃីន។ ក្រៅពីអ្នកស្លាប់ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង៧០ម៉ឺននាក់ បាននាំគ្នារត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស៕