Monday, July 28, 2025
Homeព័ត៌មានជាតិកូនស្រីរត់ចោលពីផ្ទះ ពេលដាច់លុយចាយ ប្រើល្បិចបោកម៉ែថាគេចាប់ជំរិត

កូនស្រីរត់ចោលពីផ្ទះ ពេលដាច់លុយចាយ ប្រើល្បិចបោកម៉ែថាគេចាប់ជំរិត

ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ព្រោះតែលង់ជឿតាមសម្តី និងការអូសទាញរបស់មិត្តភក្តិចង់ដើរហើរសប្បាយ ក៏សម្រេចចិត្តចុះចោលផ្ទះអស់រយៈពេលជិត១០ថ្ងៃមកហើយ លុះលង់ខ្លួនកាន់តែជ្រៅ ដាច់ទាំងលុយចាយវាយទៀត ទើបបែកគំនិតទូរស័ព្ទទៅបោកម្តាយបង្កើតថានាងត្រូវគេចាប់បង្ខាំងក្នុងហាងខារ៉ាអូខេមួយកន្លែង ធ្វើឱ្យស្ត្រីជាម្តាយផ្អើលឆោឡោ ព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏ប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍ ទីបំផុតទើបដឹងថា រឿងទាំងអស់ គ្រាន់តែជាការប្រឌិតរបស់ក្មេងស្រីរូបនោះសោះ។

ហេតុការណ៍ផ្អើលឆោឡោថា មានការចាប់បង្ខាំងនារីវ័យក្មេង នៅក្នុងហាងខារ៉ាអូខេខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកអន្លង់វែង។

នារីវ័យក្មេងដែលរត់ចោលផ្ទះជិត១០ថ្ងៃ រួចថែមទាំងភូតកុហកម្តាយ ថាមានគេចាប់បង្ខាំងទុកនោះ មានឈ្មោះង.គ.ស អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរស់នៅភូមិដុងអារញ្ញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទូរស័ព្ទមកប្តឹងសមត្ថកិច្ចគ្រប់ច្រកល្ហក ឱ្យជួយរកកូនស្រីម្នាក់ដែលបានបាត់ចេញពីផ្ទះ អស់រយៈពេលជិត១០ថ្ងៃមកហើយ មិនដឹងជាទៅណា។ លុះព្រលប់ថ្ងៃ០៤ ខែកញ្ញា ដដែលនោះ កូនស្រីបានទូរស័ព្ទទៅម្តាយថា នាងត្រូវគេចាប់ បង្ខាំងចាក់សោទុកក្នុងបន្ទប់ខារ៉ាអូរខេមួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននោះ សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវលេខទូរស័ព្ទ ដែលក្មេងស្រីខាងលើទាក់ទងទៅម្តាយ រហូតដល់វេលាម៉ោង១០ និង៥៤នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចក៏បានរកឃើញក្មេងស្រីខាងលើ ដែលថាបានបាត់ចេញពីផ្ទះនោះវិញ។

តាមសម្តីក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា នាងមានឪពុកឈ្មោះអោក សឿន អាយុ៣៦ឆ្នាំ រកស៊ីនៅប្រទេសថៃ និងម្តាយឈ្មោះ វ៉ែន ចន្ធី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយមុខផ្ទះ។ ការពិតនាងបានចេញពីផ្ទះ៨ថ្ងៃមកហើយ ដោយពុំបានប្រាប់ម្តាយនោះទេ ដោយសារនាងរស់នៅជាមួយម្តាយអត់មានលុយចាយ ទើបបានចាកចេញពីផ្ទះ ដើម្បីរកប្រាក់។

ក្មេងស្រីរូបនេះបន្តថា ពេលចេញពីផ្ទះមានគ្នា៥នាក់ (ប្រុស២ ស្រី៣) ក្នុងនោះមានម្តាយធម៌ឈ្មោះចឿង ចិន និងឪពុកធម៌ឈ្មោះផូ រិទ្ធ ក៏មកជាមួយនាងដែរ។ ពេលចេញផ្ទះថ្ងៃដំបូងបានទៅដេកនៅភូមិអង្គ្រង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន៥ថ្ងៃ គឺនៅផ្ទះបងប្អូន ឪពុកធម៌ រួចបានបន្តដំណើរទៅកាន់ស្រុកអន្លង់វែង គឺទៅផ្ទះប្អូនបង្កើតរបស់ឪពុកធម៌ ដែលធ្វើការនៅខារ៉ាអូខេមួយ យីហោផ្កាយមាស ពេលដល់ទីនោះ នាងក៏បានសុំគេចូលធ្វើការនៅខារ៉ាអូខេនោះតែម្តងទៅ ដោយបានធ្វើការនៅខារ៉ាអូខេបាន២ថ្ងៃ ដោយពុំមានការលួងលោម ឆបោក ឬបង្ខាំងទុកដូចម្តាយនាងប្តឹងសមត្ថកិច្ចនោះទេ។ ចំពោះរឿងនាងទូរសព្ទ័ទៅម្តាយថា គេបង្ខាំងទុកក្នុងបន្ទប់ខារ៉ាអូខេនោះ គឺជារឿងមិនពិតនោះទេ គឺនាងបានខ្ចីទូរសព្ទ័ម្តាយធម៌ខលទៅម្តាយបង្កើត ដើម្បីសុំលុយគាត់ចាយ ដោយសារក្នុងខ្លួនអត់មានលុយមួយរៀល ហេតុនេះទើបបង្កើតរឿងថា គេចាប់បង្ខាំងតែម្តងទៅ៕

RELATED ARTICLES