ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនួន២នាក់ ដែលធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិនដូចគ្នាចំនួន៤នាក់ បណ្តាលឱ្យរងរបួស កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងហាងផឹកស៊ីមួយកន្លែង កណ្តាលក្រុងព្រះសីហនុ មូលហេតុដោយសារតែកើតមានទំនាស់ពាក្យ សម្តីនឹងគ្នានោះ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ឱ្យដឹងថា នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ កាលពីម៉ោងជិត១១យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យ ទាំង២នាក់នេះ គឺជាដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឱ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ដោយក្នុងនោះនគរបាលដកហូតបានកាំភ្លើងចំនួន២ដើមផងដែរ។
លោកស្នងការបានបន្តថា ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E01115434 ស្នាក់នៅមិនពិតប្រាកដ និងទី២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E92111985 ស្នាក់នៅមិនពិតប្រាកដដូចគ្នា។
ចំណែកជនរងគ្រោះ ទាំង៤នាក់ រួមមាន ទី១-ឈ្មោះ ZHANG KUN ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ទី២-ឈ្មោះ YANG HUAIHUN ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ទី៣-ឈ្មោះ YANG JUN GING ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ និងដើមកំភួនជើងខាងឆ្វេង និងទី៤-ឈ្មោះ LIU WEIMIN ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ។ ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ។
សូមបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារទៅលើជនរងគ្រោះ ពេលកំពុងផឹកស៊ីនៅក្នុងហាងយីហោ “ស៊ី ហ៊ូ” ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យជនរងគ្រោះ៤នាក់ រងរបួសលើដងខ្លួន និងជើង រួចបានរត់គេចខ្លួន តែទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។
តាមចម្លើយសារភាពបឋម ក្រុមជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេថា ពួកគេជាមនុស្សដើរមិនត្រង់ផ្លូវដើរវៀចៗ បែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង។ ចំពោះកាំភ្លើង ពួកគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣៨០០ដុល្លារ។ លុះពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដី ស្ថិតនៅក្រុម២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ៕