ខេត្តកណ្តាល ៖ ក្រោយការចេញផ្សាយរបស់សារព័ត៌មាននគរធំ ឆ្នាំទី២៣ លេខ១៨៣០ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នូវអត្ថបទមួយដែលមានចំណងជើង “លក់គុយទាវមិនកាក់កប លក់ថ្នាំញៀន ជាប់ខ្នោះ” ភាគីស្ត្រីត្រូវជាភរិយាស្របច្បាប់របស់ជនសង្ស័យដែលនាំស្រីស្នេហ៍លក់ថ្នាំញៀន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ បានចេញមុខមកទម្លាយរឿងរ៉ាវប្តីកំហូច ដែលចេះតែដើរចោលផ្ទះទាក់ទងស្រីញី រហូតដល់ចុងក្រោយត្រូវជាប់ទោសទណ្ឌព្រោះរឿងលក់ថ្នាំញៀន និងធ្វើឱ្យមានការភ័ន្តច្រឡំថាមានជាប់ពាក់ព័ន្ធនឹងប្រពន្ធថែមទៀត។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន រួមមាន ទី១-ឈ្មោះឌី ហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី២-ឈ្មោះសុង រដ្ឋ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ។ ជនសង្ស័យទាំង២នាក់ ត្រូវជាគូស្នេហ៍នឹងគ្នា និងត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។
តាមសម្តីបុរសឈ្មោះទូច វ៉ាន់ដេត អាយុ២៥ឆ្នាំ ត្រូវជាសាច់ញាតិស្ត្រីជាប្រពន្ធជនសង្ស័យឈ្មោះឌី ហៀង បានរៀបរាប់ប្រាប់ថា តាមពិតជនសង្ស័យឈ្មោះឌី ហៀង មានប្រពន្ធប្រកបរបរលក់គុយទាវនៅផ្សារតាខ្មៅ និងមានកូនក្នុងបន្ទុក២នាក់ ប៉ុន្តែប្តីនេះមិនដែលរវីរវល់ជួយប្រពន្ធ លក់ដូររកស៊ីចិញ្ចឹមគ្រួសារនោះទេ ចូលចិត្តដើរលេងប៉ោឡែខាងក្រៅផ្ទះ បាត់ម្តងរាប់ខែ និងមានទំនាក់ទំនងជាមួយស្រីញី លុះចុងក្រោយ ក៏ត្រូវមកជាប់ខ្នោះឃ្នាង ពាក់ព័ន្ធបទល្មើសលក់ថ្នាំញៀនជាមួយស្រីស្នេហ៍ទៅវិញ។
ប្រភពដដែលបន្តថា បើទោះជាមានឈ្មោះជាប្តីប្រពន្ធ និងមិនទាន់លែងលះគ្នាដាច់ស្រេចក៏ដោយក្តី ប៉ុន្តែរវាងជនសង្ស័យ និងប្រពន្ធ ប្រៀបបានអ្នកដទៃអ៊ីចឹង ព្រោះតែប្តីនេះតែងដើរចោលផ្ទះចោលប្រពន្ធកូនបាត់ៗ ចំណែកប្រពន្ធរវល់តែរកស៊ី (លក់គុយទាវ) ចិញ្ចឹមកូនៗប៉ុណ្ណោះ មិនដឹងថា បុរសជាប្តីនៅខាងក្រៅ ធ្វើការ ឬរកស៊ីអ្វីនោះទេ ហើយក៏មិនដឹងទៀតថា ប្តីនេះបានទៅទាក់ទងស្នេហា រួមរស់ជាមួយស្រីស្នេហ៍ ឈ្មោះសុង រដ្ឋ ដែលត្រូវប៉ូលិសចាប់ខ្លួនជាមួយគ្នានេះឡើយ។ រហូតដល់ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន សារព័ត៌មានចុះផ្សាយព្រោងព្រាត ទើបស្ត្រីជាប្រពន្ធបានដឹងថាប្តីកំហូច ដើរចោលផ្ទះទៅសម្ងំរួមរស់មានស្រីស្នេហ៍ថ្មី និងប្រកបរបរលក់ថ្នាំញៀនបែបនេះ ហើយទោះដឹងដំណឹងថា ប្តីត្រូវសមត្ថកិច្ចចាប់ខ្លួន ក៏ស្ត្រីជាប្រពន្ធមិនបានរវីរវល់ទៅមើលប្តីនេះដែរ និងសូមប្រកាសថា ស្ត្រីដែលជាប់ខ្នោះជាមួយជនសង្ស័យឈ្មោះឌី ហៀង នោះ មិនមែនជាប្រពន្ធនោះឡើយ តែជាស្រីស្នេហ៍ប៉ុណ្ណោះ ហើយឈ្មោះឌី ហៀង ក៏មិនមានមុខរបរជាអ្នកលក់គុយទាវដែរ មិនតែប៉ុណ្ណោះ រាល់ទង្វើដែលបុរសឈ្មោះឌី ហៀង បានប្រព្រឹត្ត គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងស្ត្រីជាប្រពន្ធដែរ ពោលគឺស្ត្រីជាប្រពន្ធមិនបានដឹងរឿងរ៉ាវនោះទេ។
ប្រភពខាងលើ បានបញ្ជាក់ថា ដោយសារតែមានការយល់ច្រឡំថា ស្ត្រីជាប្រពន្ធមានជាប់ពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀនជាមួយប្តី ហេតុនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីជាប្រពន្ធយ៉ាងខ្លាំង ក្នុងនោះអ្នករាប់អាន ស្គាល់គ្នា តែងធ្វើការសួរនាំមិនឈប់ដោយសារភ័ន្តច្រឡំ និង ថែមទាំងប៉ះពាល់ដល់មុខរបររកស៊ី (លក់គុយទាវ) របស់ស្ត្រីជាប្រពន្ធទៀតផង ហេតុនេះសូមមហាជនឈប់មានការយល់ច្រឡំតទៅទៀត។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវជាគូស្នេហ៍នឹងគ្នា ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោមបទជាប់ពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ក្នុង ពន្ធនាគារខេត្តកណ្តាល។
មន្ត្រីកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា ជនជាប់ចោទជាគូស្នេហ៍ទាំង២នាក់ខាងលើនេះ ត្រូវបានលោកគឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួន ដាក់ក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលបានប្រព្រឹត្តនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មន្ត្រីអាវុធហត្ថដដែល បានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ខាងលើនេះ គឺកាលពីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានមកថា នៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មានការចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ បន្ទាប់ពីមានសេចក្តីរាយការណ៍បែបនេះភ្លាម លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ បានដឹកនាំកម្លាំង ចុះទៅសហការជាមួយនឹងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន និងមេភូមិព្រែកឫស្សី ក្រោមការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចេញបង្ក្រាប និងឃាត់ខ្លួនគូស្នេហ៍ទាំងពីរនាក់ខាងលើ និងដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ (តូច១៣កញ្ចប់ ធំ២កញ្ចប់) រួមនឹងវត្ថុតាងមួយចំនួនទៀត៕