ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរមកហើយ ចំណែកជីវភាពក៏ទីទ័លក្រ រកហូបសឹងមិនគ្រប់ ទើបធ្វើឱ្យតូចចិត្តនឹងវាសនាខ្លាំងពេក ក៏ចេះតែព្យាយាមសម្លាប់ខ្លួនជាច្រើនដងមកហើយ តែមិនបានសម្រេច ទីបំផុតឆ្លៀតពេលប្រពន្ធកូនភ្លេចខ្លួនួ ក៏រត់ទៅ ចងកនៅលើដើមស្វាយខាងក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះស៊ុ ចិន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ចំណែកជីវភាពគ្រួសារទីទ័លក្រខ្លាំងណាស់ គ្មានលទ្ធភាពបញ្ជូនប្តីទៅព្យាបាល ឬទិញថ្នាំឱ្យប្តីលេបបានទៀងពេលនោះទេ ហេតុនេះទើបស្ថានភាពជំងឺប្តី កាន់តែដុនដាប ធ្វើទុក្ខជាប់ជាប្រចាំ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ដោយសារតែតូចចិត្តនឹងជំងឺប្រចាំកាយនេះហើយ ទើបកន្លងមក ប្តីរបស់គាត់ធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែត្រូវពួកគាត់ជាប្រពន្ធកូន រួមនឹងអ្នកជិតខាងប្រទះឃើញ ជួយសង្គ្រោះទាន់ពេលរហូត។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីហូបបាយថ្ងៃត្រង់រួច ប្តីរបស់គាត់ក៏បានដើរចេញទៅ ក្រោយផ្ទះបាត់ទៅ ចំណែកគាត់និងកូនៗនៅក្នុងផ្ទះ ដោយមិនបានចាប់អារម្មណ៍ ឬនឹកស្មានដល់ថា ប្តីចេញទៅចងកសម្លាប់ខ្លួនដែរ។ ស្រាប់តែក្រោយមក ដោយសារតែបាត់ប្តីយូរពេក ទើបគាត់និងកូនៗនាំគ្នាចេញទៅដើរតាមរកនៅខាងក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញប្តីរបស់គាត់ បានចងកនៅលើដើមស្វាយស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើក្រមាអំបោះពណ៌ក្រហមលាយស ជាប់នឹងដើមស្វាយកម្ពស់២,៥ម៉ែត្រ ស្ថិតនៅខាងក្រោយផ្ទះ ជនរងគ្រោះចំងាយប្រមាណ២០ម៉ែត្រ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕