ភ្នំពេញ ៖ យុវជនជាអ្នកបើករថយន្តស្ទូចម្នាក់ បានបញ្ជារថយន្តស្ទូច ដាក់ដាំបង្គោលភ្លើង ស្រាប៉តែអកុសលប៉ះកកិតជាមួយខ្សែភ្លើង បណ្តាលឱ្យរលាត់ឆ្លងចរន្តឆក់ស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើចញ្ចើមផ្លូវលំ ស្ថិតក្នុង ភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះបឿន យ៉ាន់ អាយុ២២ឆ្នាំ មុខរបរបើកឡានស្ទួច មានលំនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើករថយន្តស្ទូច១គ្រឿង ដឹកក្រុមការងារមានគ្នា៤នាក់ ចេញពីក្រុមហ៊ុនអគ្គិសនី ឃ្លាំង សំណុង នៅម្តុំវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បំណងមកដាំបង្គោលភ្លើងនៅកន្លែងកើតហេតុខាងលើ។ លុះពេលមកដល់ទីតាំងកើតហេតុខាងលើ ជនរងគ្រោះបានចុះមកបញ្ជារថយន្តស្ទូច ដើម្បីស្ទួចបង្គោលភ្លើង ដែលមាននៅកន្លែងកើតហេតុ ស្រាប់តែដងស្ទូចប៉ះទៅនឹងខ្សែភ្លើងបណ្តាលឱ្យរលាត់ឆ្លងចរន្តឆក់ជនរងគ្រោះ បណ្តាលឱ្យបាត់មាត់បាត់កហើយ ភ្លាមនោះក្រុមការងារ ក៏បានស្ទុះទៅជួយសែងជនរងគ្រោះទៅដាក់កប់ដីខ្សាច់ក្បែរនោះ បំណងសង្គ្រោះបឋម តែជនរងគ្រោះនៅតែមិនដឹងខ្លួន ទើបប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពពន្សាំង តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕