យោងតាមប្រភពព័ត៌មានរុស្ស៊ី TASS ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ ២០១៨ បានឱ្យដឹងថា ប្រទេសវៀតណាម បានបញ្ជាទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ី ដែលមានទឹកប្រាក់ច្រើនជាង១ពាន់លានដុល្លារ។
ប្រទេសវៀតណាម កំពុងតែប្រឹកប្រែងពង្រឹងសមត្ថភាពទៅលើវិស័យការពាររបស់ខ្លួន បន្ទាប់ពីប្រទេសនេះ តែងតែមានជម្លោះជាមួយប្រទេសចិន ពាក់ព័ន្ធទៅនឹងជម្លោះសមុទ្រចិនខាងត្បូង។
ការដាក់សំណើទិញសព្វាវុធនេះ បានធ្វើឡើងនៅអំឡុងពេលដែលលោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកម្មុយនិស្តវៀតណាម ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេស រុស្ស៊ី។
ទោះជាយ៉ាងណាក្តី គេមិនបានបញ្ជាក់ឱ្យដឹងលម្អិតថា តើអាវុធប្រភេទណានោះទេ?
វៀតណាម និងរុស្ស៊ី មានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតទៅដល់ប្រទេសវៀតណាម ហើយក្រុមហ៊ុនរុស្ស៊ី ជាច្រើន បានជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងថាមពលវៀតណាម ជាច្រើនកន្លែង។
ជាងនេះទៅទៀត នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរក៏បានអះអាងដែរថា និងប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍ទំនាក់ទំនងយោធា ឱ្យបានកាន់តែល្អប្រសើរ៕