រយៈពេលមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមចាប់ខ្លួន និងដាក់ទណ្ឌកម្មទៅលើចៅក្រម និងមន្ត្រីផ្សេងៗទៀត នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទីក្រុងឡាអេ ពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ថា ទាហានសហរដ្ឋអាមេរិក ដែលមកតាំងមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏បានបញ្ចោញប្រតិកម្មខ្លាំងៗតបទៅនឹងសហរដ្ឋអាមេរិក វិញដែរ ដោយនិយាយថា អង្គការមួយនេះ នឹងនៅតែបន្តធ្វើការងារនេះដដែល បើទោះជាមានការគំរាមពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ក៏ដោយ។
តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នេះ បានចេញសេចក្តីថ្លែងការណ៍ថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាស្ថាប័ណ្ណឯករាជ្យ មិនលម្អៀង ដែលមានប្រទេសចំនួន១២៣គាំទ្រ”។
សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានលើកឡើងដែរថា “ ICC នឹងបន្តការងាររបស់ខ្លួនដោយអនុលោមទៅតាមគោលការណ៍ច្បាប់ ដែលមានចែងជាធរមាន”។
កាលពីប៉ុន្មានខែមុននេះ លោកស្រី Fapou អគ្គរដ្ឋអាជ្ញាតុលាការ ICC បានថ្លែងថា “លោកស្រីនឹងបើកភ្លើងខៀវឱ្យមានការស៊ើបអង្កេតផ្លូវការមួយទៅលើបទចោទប្រកាន់ថា ទាហានសហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក ចន្លោះឆ្នាំ២០០៣-២០០៤”។
បន្ទាប់ពីទទួលបានដំណឹងពីការបើកភ្លើងខៀវ លោក John Bolton កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសជំហរប្រឆាំងទៅនឹងគម្រោងរបស់តុលាការនេះ ដោយនិយាយថា “សហរដ្ឋអាមេរិក នឹងប្រើប្រាស់គ្រប់មធ្យោបាយសំខាន់ៗ ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងសម្ព័ន្ធមិត្ត ដែលទទួលរងនូវអំពើអយុត្តិធម៌ពីតុលាការមួយនេះ”។
លោកបានបន្តទៀតថា “យើងនឹងមិនសហការជាមួយតុលាការនេះទេ យើងក៏មិនផ្តល់ជំនួយទៅឱ្យតុលាការនេះដែរ។ យើងនឹងបណ្តោយទុកឱ្យតុលាការនេះ ស្លាប់ដោយខ្លួនឯង”៕
