យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៣នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តក្រុងជ្រុលចង្កូតរអិលធ្លាក់ជ្រោះនៅភាគក្នង្នុរដ្ឋតេឡាងណាហ្គា ភាគខាងត្បូងនៃប្រទេសឥណ្ឌា។
យោងតាមប្រភពពីអាជ្ញាធរ បានឱ្យដឹងថា រថយន្តខាងលើបានដឹកអ្នកដំណើរសរុប៥៥ នាក់ ពីរដ្ឋតេឡាងណាហ្គា ឆ្ពោះទៅកាន់ទីក្រុងសាន់នីវ៉ា ប៉ុន្តែ បានជួបគ្រោះថ្នាក់នៅតាមដងផ្លូវ។
ទាក់ទងទៅនឹងមូលហេតុដែលនាំឱ្យរថយន្តបើកធ្លាក់ផ្លូវនេះ មិនត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្តែបើតាមការសន្និដ្ឋានបឋម បានឱ្យដឹងថា ម្ចាស់រថយន្តទំនងជាបាត់បង់ភាពម្ចាស់ការ និងរថយន្តផ្ទុកលើសកំណត់។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកក្កដា រថយន្តក្រុងមួយគ្រឿង ដែលបានដឹកបុគ្គលិកសាកលវិទ្យាល័យ បានធ្លាក់ជ្រោះសម្លាប់មនុស្ស៣៣នាក់។ ជារឿយៗ នៅក្នុងប្រទេសឥណ្ឌា គេតែងតែជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ និងការបើករថយន្តធ្លាក់ជ្រោះ៕