Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិលោកស្រីអ៊ុង សានស៊ូជី ការពារតុលាការមីយ៉ាន់មា កាត់ទោសអ្នកកាសែត

លោកស្រីអ៊ុង សានស៊ូជី ការពារតុលាការមីយ៉ាន់មា កាត់ទោសអ្នកកាសែត

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់អាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី13 ខែកញ្ញា ឆ្នាំ2018 លោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានថ្លែងប្រាប់អង្គវេទិកា ដោយបញ្ជាក់ពីគោលជំហរការពារការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ពាក់ព័ន្ធទៅនឹងការកាត់ទោសអ្នកកាសែត Reuters ពីរនាក់ ឱ្យជាប់ពន្ធនាគាររយៈពេល7ឆ្នាំ។

លោកស្រីអ៊ុង សានស៊ូជី បានលើកឡើងថា “ពួកគេមិនមែនត្រូវតុលាការកាត់ទោស  ដោយសារតែអាជីពអ្នកសារព័ត៌មាននោះទេ  គឺមកពីមូលហេតុពួកគេប្រព្រឹត្តខុសច្បាប់ លួចបញ្ចោញព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋបរទេស ដែលច្បាប់នេះ បន្សល់ទុកតាំងពីសម័យអាណានិគម”។

លោកស្រីបានបន្តទៀតថា “អ្នកកាសែត Reuters ពីរនាក់ គឺលោក Wa Lone និងលោក Kyaw Soe Oo បានប្រព្រឹត្តខុសច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ហើយការកាត់ទោសរបស់ពួកគេ គឺមិនមានអ្វីជាប់ពាក់ព័ន្ធទៅនឹងសេរីភាពនៃការបញ្ចោញមតិនោះទេ”។

ជាមួយគ្នានេះដែរ លោកស្រីក៏បានលើកឡើងដែរថា “អ្នកកាសែត Reuters ទាំងពីរនាក់នោះ នៅមានឱកាសប្តឹងឧទ្ធរណ៍ ដើម្បីដោះបន្ទុក បើទោះជាតុលាការបានសម្រេចឱ្យពួកគេជាប់គុកម្នាក់ 7ឆ្នាំក៏ដោយ។

ទោះបីជាមានការលើកឡើងរបស់លោកស្រីបែបនេះក្តី អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសពិភពលោក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបរដ្ឋាភិបាលភូមា ជាពិសេស វាយប្រហារត្រង់ៗទៅលើម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព លោកស្រីអ៊ុង សានស៊ូជី តែម្តង៕

RELATED ARTICLES