លោកស៊ីនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានរុះរើគណរដ្ឋមន្ត្រីរបស់ខ្លួន ក្រោយពេលដែលលោកត្រូវបានបោះឆ្នោតជាប់ជាប្រធានគណបក្សអាណត្តិទី៣។
ទោះជាមានការរុះរើបែបណាក្តី លោកអាបេ បានរក្សាតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យបន្តតំណែងដដែលនេះ។
អ្នកការទូតសំខាន់២រូបនេះ ត្រូវបានលោកអាបេ ទុកសម្រាប់ដោះស្រាយបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោកអាបេ ត្រូវបានបោះឆ្នោតធ្វើជាប្រធានបក្សប្រធានាធិបតេយ្យសេរីភាព (LDP) អាណត្តិទី៣ កាលពីខែកញ្ញា។ ការជាប់ឆ្នោតធ្វើជាប្រធានបក្សអាណត្តិទី៣នេះ គឺជាការត្រួសត្រាយផ្លូវឱ្យលោកអាបេ ធ្វើជាមេដឹកនាំ រយៈពេល៣ឆ្នាំបន្តទៀត។
នេះគឺជាការរុះរើគណរដ្ឋមន្ត្រីលើកទី៤ របស់លោកនាយករដ្ឋមន្ត្រីអាបេ ចាប់តាំងពីលោកចូលកាន់តំណែង ក្នុងឆ្នាំ២០១២។
ទោះបីជាមានការរក្សាទុករដ្ឋមន្ត្រីមួយចំនួន តែលោកអាបេ បានធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការកំណែទម្រង់គណរដ្ឋមន្ត្រី ច្រើនជាងពាក់កណ្តាល ក្នុងចំណោមសមាជិកគណរដ្ឋមន្ត្រី១៩នាក់ ហើយបានបន្ថែមមនុស្សមួយចំនួន ដែលលោកទុកចិត្ត ដើម្បីជួយជំរុញការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ៕