យោងតាមអាជ្ញាធរថៃ បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប៉ូលិសក្រុងបាងកក បានរឹបអូសយកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២២លានគ្រាប់ នៅខេត្តឈៀងរ៉ៃ ជិតព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាការរឹបអូសបានគ្រឿងញៀនទ្រង់ទ្រាយធំបំផុត នៅក្នុងតំបន់នេះ។
មន្ត្រីប៉ូលិស បានឱ្យដឹងទៀតថា ថ្នាំគ្រាប់ច្រើនជាង១២,២លាន ដែលត្រូវបានគេស្គាល់ថា ជាយ៉ាបា (YABA) ឬគេហៅជាប្រភេទថ្នាំឆ្កួត ត្រូវបានរឹបអូសកាលពីថ្ងៃសៅរ៍ និង១០លានទៀត កាលពីថ្ងៃអាទិត្យ។
អាជ្ញាធរថៃ មិនបានបង្ហាញពីតម្លៃពិតប្រាកដរបស់ថ្ន្នាំញៀនទាំងនោះទេ ប៉ុន្តែ ផ្អែកលើការប៉ាន់ស្មាន ថ្នាំនេះអាចមានតម្លៃរហូតទៅដល់៧១លានដុល្លារ សហរដ្ឋអាមេរិក។
ជាមួយគ្នានោះដែរ ជនសង្ស័យចំនួន១៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងករណីនេះ។
យោងទៅតាមកាសែតបាងកកប៉ុស្តិ៍ បានឱ្យដឹងថា បុរសជនជាតិថៃ ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធទៅនឹងករណីថ្នាំញៀននេះ។ មូលហេតុដែលឈានទៅដល់ការចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ ដោយសា តែទទួលបានតម្រុយពីអាជ្ញាធរស្រុក Phaya Mengrai ដែលឱ្យដំណឹងថា មានការរត់ពន្ធថ្នាំញៀនចូលទៅខេត្តឈៀងរ៉ៃ ដោយក្រុ រត់ពន្ធគ្រឿងញៀន។
ទោះជាយ៉ាងណាក្តី ការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងករណីនេះ នៅតែបន្ត ដើម្បីរកឱ្យឃើញថា តើអ្នកជួញដូរដែលនៅពីក្រោយ គឺជាអ្នកណា?៕