Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិក្រុមហ៊ុន៣ ត្រូវអាជ្ញាធរសិង្ហបុរី ចោទប្រកាន់ពីបទលួចផ្គត់ផ្គង់ទំនិញឱ្យកូរ៉េខាងជើង

ក្រុមហ៊ុន៣ ត្រូវអាជ្ញាធរសិង្ហបុរី ចោទប្រកាន់ពីបទលួចផ្គត់ផ្គង់ទំនិញឱ្យកូរ៉េខាងជើង

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា អាជ្ញាធរប្រទេសសិង្ហបុរី បានចោទប្រកាន់ពលរដ្ឋរបស់ខ្លួនម្នាក់ ជនជាតិកូរ៉េខាងជើងម្នាក់ និងក្រុមហ៊ុនចំនួន៣ នៅក្នុងតុលាការ ពីបទលួចផ្គត់ផ្គង់សម្ភារៈប្រណីតៗ ទៅឱ្យប្រទេសកូរ៉េខាងជើង ដែលសម្ភារៈទាំងនេះត្រូវសហរដ្ឋអាមេរិក ហាមឃាត់។

ប៉ូលិសសិង្ហបុរី បានថ្លែងថា លោក Chong Hock Yen អាយុ៥៨ឆ្ន្នាំ ជនជាតិសិង្ហបុរី និង Li Hyin ជនជាតិកូរ៉េខាងជើង ត្រូវបានចោទប្រកាន់ពីបទរំលោភទៅនឹងច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឱ្យមានការផ្គត់ផ្គង់ដោយផ្ទាល់ ឬប្រយោល និងការនាំចេញមុខទំនិញប្រណីតៗ ទៅឱ្យនរណាម្នាក់ នៅក្នុងប្រទេសកូរ៉េខាងជើង។

ក្រៅពីចោទប្រកាន់បុរសខាងលើទាំងពីរនេះ អាជ្ញាធរសិង្ហបុរី ក៏បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុន ចំនួន៣ ដែលលួចផ្គត់ផ្គង់មុខទំនិញប្រណីតៗទៅដល់ប្រទេសកូរ៉េខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍ អាជ្ញាធរសិង្ហបុរី បាននិយាយថា សិង្ហបុរី ត្រូវតែធ្វើតាមច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ និងអនុវត្តន៍វាដោយភាពស្មោះត្រង់។ យើងគ្មានការស្ទាក់ស្ទើរទេ ដើម្បីចាត់វិធានការណ៍ ប្រឆាំងទៅនឹងបុគ្គលណាដែលរំលោភច្បាប់កំពូលនេះ។

អាជ្ញាធរសិង្ហបុរី បានរកឃើញថា លោក Chong Hock Yen គឺបានជួយដល់ក្រុមហ៊ុនចំនួន៣ ដែលលួចផ្គត់ផ្គង់គ្រឿងអលង្ការ នាឡិកា និងលោហៈធាតុមានតម្លៃ ទៅឱ្យកូរ៉េខាងជើង កាលពីឆ្នាំ២០១០ និង២០១៦ ខណៈដែលលោក Li Hyin ក៏ត្រូវបានគេដឹងដែរថា លួចធ្វើសកម្មភាពស្រដៀងគ្នាទៅនឹងលោក Chong។

ពាក់ព័ន្ធទៅនឹងករណីនេះ ភ្នាក់ងារសារព័ត៌មាន Reuters មិនអាចសុំការពន្យល់ពីលោក Chong Hock Yen លោក Li Hyin ព្រម ទាំងម្ចាស់ក្រុមហ៊ុនទាំង៣នោះបានទេ។

កាលពីឆ្នាំ២០១៦ ប្រទេសសិង្ហបុរី ធ្លាប់បានពិន័យ១៨ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈ សព្វាវុធ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាការរំលោភទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

RELATED ARTICLES