ឃាត់ខ្លួនប្ដីនិងប្រពន្ធដែលបានចាយលុយដុល្លារក្លែងក្លាយ(លុយសែន) ស្រុកចិត្របុរី នៅក្រចេះ
ក្រចេះ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្ដីនិងប្រពន្ធ២នាក់ បន្ទាប់ពីពួកគេបានចាក់សំាងរួចហើយ រួចយកដុល្លារក្លែងក្លាយឲ្យទៅម្ចាស់សាំង ធ្វើឲ្យភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១. ឈ្មោះយ៉ន សំ ភេទប្រុស អាយុ៣៩ឆ្នាំ និងទី២. ឈ្មោះផាន ឡែន អាយុ៣៣ឆ្នាំ ភេទស្រី។ ជនសង្ស័យពីរនាក់ខាងលើ រស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គេឃើញ២នាក់ប្តីប្រពន្ធនេះ បានជិះម៉ូតូមួយគ្រឿង ទិញសាំងចាក់ម៉ូតូ ហើយបានឲ្យលុយ២០ដុល្លារ (លុយសែន) ទៅម្ចាស់លក់សាំង។ ក្រោយទទួលបានលុយហើយម្ចាស់លក់សាំងបានអាប់ រួចជនសង្ស័យទាំង២នាក់បានជិះម៉ូតូចាកចេញយ៉ាងលឿន។ លុះជនសង្ស័យបានចាកចេញទៅបាត់ ម្ចាស់លក់សាំងបានយកលុយនមកពិនិត្យមើលម្តងទៀត ក៏ដឹងថាជាលុយក្លែងក្លាយ (លុយសែន) រួចក៏បានទៅប្តឹងសមត្ថកិច្ចភ្លាមៗដែរ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញា និងចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនេះតែម្តង។ ក្រោយពីចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា លុយចំនួន៥.៤១៥ដុល្លារ (លុយសែន) និងម៉ូតូ១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕