នៅក្នុងជំនួបប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន លើកទី12 នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី19 ខែតុលា ឆ្នាំ2018 នេះ បានឯកភាពគ្នាបង្កើតគោលការណ៍ដ៏សំខាន់ពីរ គឺគោលការណ៍ណែនាំឱ្យមានការបញ្ចៀសការប្រឈមមុខដាក់គ្នាដែនអាកាស និងជំរុញកិច្ចសហប្រតិបត្តិការភេរវកម្ម។
លោក Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ដែលជាប្រធាននៃកិច្ចប្រជុំនេះ បានថ្លែងថា រដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសអាស៊ានទាំង10 បានឯកភាពគ្នាជាគោលការណ៍បញ្ចៀសការប្រឈមមុខដាក់គ្នានៅដែនអាកាស ជាពិសេស នៅលើតំបន់ដែលកំពុងមានជម្លោះសមុទ្រចិនខាងត្បូង។
ជាមួយគ្នានោះដែរ ជំនួបប្រជុំនេះ ក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដោយបង្កើតបណ្តាញប្រឆាំងទៅនឹងការគំរាមកំហែងអាវុធគីមី អាវុធជីវសាស្ត្រ និងវិទ្យុសកម្មគ្រប់ប្រភេទ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបប្រជុំ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ក៏បាននិយាយថា ការអនុម័តគោលការណ៍នេះ គឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីមេដឹកនាំរបស់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
កាលពីឆ្នាំ2017 រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបង្កើតគោលការណ៍មួយស្រដៀងគ្នានេះដែរ ដែលហៅថា ក្រមនីតិសមុទ្រ សម្រាប់គ្រប់គ្រងដែនទឹករបស់ប្រទេសនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រោយបង្កើតច្បាប់នេះហើយ វាហាក់ដូចជាពុំមានប្រសិទ្ធភាពទេ ដោយសារតែការប្រឈមដាក់គ្នារវាងនាវាចម្បាំងសហរដ្ឋអាមេរិក ជាមួយចិន ដែលនៅតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង បន្តកើតមានជារឿយៗ៕