យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា កំពុងរងសម្ពាធខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ឱ្យស្តារឡើងវិញនូវរដ្ឋធម្មនុញ្ញ និងកែប្រែរដ្ឋសភា បន្ទាប់ពីធ្វើការសម្រេចចិត្តដាក់ជំនួសដោយនាយករដ្ឋមន្ត្រី ដែលបង្កឱ្យមានការជ្រួលច្របល់នយោបាយ។
ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅពេលដែលប្រធានាធិបតី បណ្តេញលោក Ranil Wickremesinghe នាយករដ្ឋមន្ត្រី ហើយដាក់ជំនួសដោយលោក Mahinda Rajapaksa អតីតប្រធានាធិបតី ដែលបង្កឱ្យមានចលាចលនៅក្នង្នុរដ្ឋាភិបាលចម្រុះ។
ពាក់ព័ន្ធទៅនឹងការចលាចលនយោបាយនេះ ប្រទេសឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យប្រធានាធិបតីបច្ចុប្បន្ន គោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា យើងសូមអំពាវនាវដល់ប្រធានាធិបតី Maithripala Sirisena ជាបន្ទាន់ ឱ្យធ្វើការស្តារឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋសភា និងអនុញ្ញាតឱ្យមានការបោះឆ្នោត បែបប្រជាធិបតេយ្យ៕