គិតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមអ្នករុករកបានប្រទះឃើញបំណែកយន្តហោះប៊ូអ៊ីង ៧៣៧ ផ្ទុកអ្នកដំណើរ១៨៩នាក់ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹក ប៉ុន្តែ វាសនាអ្នកដំណើរនៅលើយន្តហោះទាំងអស់ មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះ។
យោងតាមភ្នាក់ងារសង្គ្រោះ និងស្វែងរករបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា យន្តហោះប៊ូអ៊ីង ៧៣៧ MAX8 ផ្ទុកអ្នកដំណើរ១៨៩នាក់ ដែលក្នុងនោះ មានក្មេងម្នាក់ និងកុមារកំព្រា ចំនួន២នាក់ ធ្វើដំណើរចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងទីក្រុងហ្សាកាតា ឆ្ពោះទៅកាន់ទីក្រុង Pinan ដែលជាទីក្រុងដ៏ធំមួយរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីវេលាម៉ោង៦និង២១នាទី ហើយក៏បាត់ការទាក់ទងនៅម៉ោង៧ និង៣០នាទី។
ជាមួយគ្នានេះដែរ លោក Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បាននិយាយថា ក្នុងចំណោមអ្នកដំណើរទាំងនោះ ក៏មានមន្ត្រីរបស់ក្រសួង ចំនួន២០នាក់ដែរ។
ក្រុមអ្នកសង្គ្រោះបានឱ្យដឹងថា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងជម្រៅទឹក ចន្លោះ៣០ទៅ៤០ម៉ែត្រ ហើយរហូតមកដល់ឥឡូវនេះ ក្រុមរុករកនៅតែបន្តបេសកកម្មរបស់ខ្លួន ប៉ុន្តែមិនទាន់បានរកឃើញតួយន្តហោះនៅឡើយទេ ដោយគ្រាន់តែរកឃើញបំណែកយន្តហោះ និងសម្ភារៈអ្នកដំណើរ រួមនឹងអត្តសញ្ញាណប័ណ្ណអ្នកបើកបរយន្តហោះ។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកសង្គ្រោះបាននិយាយថា រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងនៅឡើយថា តើមានអ្នកនៅរស់រានមានជីវិត ឬយ៉ាងណា?
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក Edward Sirait នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរ Lion Air Group បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យន្តហោះនេះមានបញ្ហាបច្ចេកទេស ពេលហោះហើរមកពីកោះបាលី ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ហើយ៕