នៅក្នុងជំនួបប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ លោកហ្ស៊ីនស៊ូ អាបេ នាយករដ្ឋមន្ត្រី និងសមភាគី នរិន្ទ្ររ៉ាក់ មូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានយល់ព្រមគ្នាបង្កើនទំនាក់ទំនងសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច ជំនួញ និងវិស័យដទៃៗទៀត ដើម្បីទប់ទល់ឥទ្ធិពលរបស់មហាអំណាចចិន ដែលកំពុងតែមានឥទ្ធិពលនៅក្នុងតំបន់។ នេះបើយោងតាមប្រភពព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោកអាបេ លោកមូឌី បាននិយាយថា “ឥណ្ឌា នឹងពង្រីកការលក់អាវុធយុទ្ធភណ្ឌ និងបច្ចេកវិទ្យា ប្រព័ន្ធការពារកម្រិតខ្ពស់ ព្រមទាំងការធ្វើសមយុទ្ធយោធារួមគ្នា”។
លោកបានបន្តទៀតថា “គ្មានសហប្រតិបត្តិការរវាងឥណ្ឌា-ជប៉ុន និងមិនមានការអភិវឌ្ឍន៍ នៅក្នុងទ្វីបអាស៊ី នៅក្នុងសតវត្សរ៍ក្រោយ”។
ដោយឡែក លោកអាបេ បានឱ្យដឹងដែរថា “ទំនាក់ទំនងរវាងជប៉ុន និងឥណ្ឌា គឺមានសក្តានុពលធំបំផុត នៅក្នង្នុពិភពលោក”។
មេដឹកនាំទាំងពីរ បានស្វាគមន៍ការធ្វើសមយុទ្ធរួមគ្នានៅលើដីដែនទឹក និងដែនអាកាស។ ក្រៅពីវិស័យការពារជាតិ មេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាដំណាក់កាលទីពីរ សម្រាប់គម្រោងរទេះភ្លើងល្បឿនលឿននៅក្នុងប្រទេសឥណ្ឌា៕