កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចទីក្រុងសេអ៊ូល នៅពេលដ៏ខ្លីខាងមុខនេះ។
ដំណើរបំពេញទស្សនកិច្ចនេះ គឺជាផ្នែកមួយបង្ហាញពីចំណងការទូតដ៏រឹងមាំ ក្នុងគោលដៅឈានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ថ្លែងនៅក្នុងរដ្ឋសភា លោកម៉ូន ជេអ៊ីន បានឱ្យដឹងទៀតថា ជំនួបប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ក៏អាចកើតមានដែរ នៅពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង ក៏ត្រូវបានគេរំពឹងថា នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះដែរ។
ជាមួយគ្នានេះដែរ លោកម៉ូន ជេអ៊ីន ក៏រំពឹងដែរថា លោកគីម ជុងអ៊ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនស៊ូ អាបេ ផងដែរ។
ជំនួបរវាងលោកម៉ូន ជេអ៊ីន និងលោកគីម ជុងអ៊ុន អាចនឹងកើតឡើងនៅចុងឆ្នាំនេះ៕