យោងតាមប្រភពព័ត៌មានពីកាសែតអាល្លឺម៉ង់ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កីឡាករ James Rodriguez អាចនឹងចាកចេញពីក្លឹបជើងឯកអាល្លឺម៉ង់ រាប់សិបជំនាន់ Bayern ស្កាត់ទៅជួបកីឡាកររៀមច្បង Christino Ronaldo នៅខែមករា ២០១៩ ខាងមុខនេះ។
James Rodriguez បានមករួមរស់ជាមួយ Bayern បាន២រដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយផ្លាស់មកពី Real Madrid។
កុងត្រានៅជាមួយក្លឹប Bayern នឹងត្រូវអស់សុពលភាពត្រឹមខែកក្កដា ឆ្នាំ២០១៩។ បើទោះជាលេងក្នុងលក្ខខណ្ឌខ្ចីជើង កីឡាករសញ្ជាតិកូឡុំប៊ី រូបនេះ មានតម្លៃខ្លួនជិត១៥លានដុល្លារ ក្នុង១ឆ្នាំ។
ក្លឹប Bayern មានជម្រើសទិញផ្តាច់កីឡាករ James Rodriguez ពេលចប់កុងត្រា ប្រសិនបើចង់បន្តរួមរស់ក្នុងទឹកដីអាល្លឺម៉ង់។ ទោះជាយ៉ាងណាក្តី កីឡាករូបនេះមិនចង់នៅជាមួយ Bayern តទៅទៀតទេ ហើយចង់ចាកចេញមិនដាច់កុងត្រា។
នៅជាមួយ Bayern កីឡាករ Rodriguez ធ្លាប់ស៊ុតបាល់បាន១១គ្រាប់ និងជួយមិត្តរួមក្រុម បាន១៦គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៩ប្រកួត៕